នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន Lesso នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងបានលើកទឹកចិត្តក្រុមហ៊ុន ឱ្យអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មយុទ្ធសាស្រ្តសម្រាប់នាំចេញទៅទីផ្សារនៃបណ្តាប្រទេសអាស៊ាន ដែលក្រុមហ៊ុនពុំទាន់មានរោងចក្រផលិត។
នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៨ ហិកតា បច្ចុប្បន្នមានបុគ្គលិកចំនួន១៦៨នាក់ ភាគច្រើនជាបុគ្គលិកខ្មែរ និងកំពុងដំណើរការបរិក្ខាផលិតកម្មទំនើបចំនួន៥០គ្រឿង ដើម្បីផលិតទុយោ និងគ្រឿងបង្គុំផ្សេងៗ ក្នុងសមត្ថភាពផលិតជាង ៤៨.០០០ តោនក្នុងមួយឆ្នាំ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានសារៈសំខាន់ជាសារវន្តសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយការប្រើប្រាស់ទុយោចែកចាយទឹកស្អាតដែលមានគុណភាពខ្ពស់ជាកត្តាចម្បងក្នុងការកាត់បន្ថយការបាត់បង់ទឹក និងការពង្រឹងគុណភាពសេវាទឹកស្អាត។”
ផលិតផលរបស់ក្រុមហ៊ុន Lesso ត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើន ដូចជាវិស័យទឹកស្អាត ប្រព័ន្ធ ដំណក់ទឹកស្រោចស្រព (drip irrigation) ប្រព័ន្ធលូនិងទឹកកខ្វក់ និងទុយោអាលុយមីញ៉ូមសម្រាប់ការប្រើប្រាស់ក្នុងគោលដៅផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទានសមស្របសម្រាប់ប្រតិបត្តិករទឹកស្អាត និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹងនោះ សូមក្រុមហ៊ុនពិចារណាពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាផលិតសំបកវេចខ្ចប់ ឬកំប៉ុងអាលុយមីញ៉ូម ដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុកបន្ថែមទៀត។”
ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដើម្បីផលិតទុយោដែលប្រើប្រាស់បានយូរ ទម្ងន់ស្រាល តម្លៃសមរម្យ និងផលិតផលិតផលទំនើបៗស្របតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនក្នុងការបង្កើតស្តង់ដារទុយោសម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យពាក់ព័ន្ធ។
ក្រោយការបង្ហាញអំពីសាវតារ និងប្រតិបត្តិការរបស់ខ្លួន ថ្នាក់ដឹកនាំក្រុមហ៊ុន Lesso បានចែករំលែក៖
ចក្ខុវិស័យក្នុងការពង្រីកការនាំចេញរបស់ក្រុមហ៊ុនទៅកាន់បណ្តាប្រទេសអាស៊ាន និងពង្រឹងប្រតិបត្តិការផលិតនៅកម្ពុជា ដោយលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងចិន។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហែម វណ្ណឌី និងគណៈប្រតិភូបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មសម្រាប់ទុយោ PVC, ដំណើរការផលិតទុយោ HDPE, ប្រព័ន្ធត្រួតពិនិត្យគុណភាព (QC), និងឃ្លាំងស្តុកផលិតផលសម្រេចរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Lesso (Cambodia) Trading គឺជាបុត្រសម្ព័ន្ធក្រោមការវិនិយោគផ្ទាល់ទាំងស្រុងរបស់ Lesso Group Holdings Limited ដែលជាក្រុមហ៊ុនផលិតទុយោឈានមុខមួយរបស់ប្រទេសចិន បច្ចុប្បន្ន មានមូលដ្ឋានផលិតកម្មចំនួន ៣០ នៅទូទាំងពិភពលោក។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍