ក្រសួងឧស្សាហកម្ម ប្រមូលធាតុចូលពីវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងបរិបទឧស្សាហកម្ម ៤.០

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី25 ខែ កញ្ញា ឆ្នាំ 2024

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “តម្រូវការជំនាញរបស់សហគ្រិន ក្នុងបរិបទឧស្សាហកម្ម ៤.០”។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលពីវិស័យឯកជន ដើម្បីរៀបចំផែនការសកម្មភាពបង្កើនសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យសម្របខ្លួនទៅនឹងបរិបទឧស្សាហកម្ម ៤.០។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីភាពចាំបាច់នៃការអភិវឌ្ឍផ្នត់គំនិត និងជំនាញសហគ្រិនភាព សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ថា៖ គោលដៅគឺដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងការធ្វើទំនើបកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាកម្លាំងចលករ ចូលរួមជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។”

គិតត្រឹមខែសីហា ឆ្នាំ២០២៤ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដែលចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ៤៤.៤៩៦ មូលដ្ឋាន និងផ្តល់ការងារសរុបប្រមាណ ៤៧២.៣២៨ នាក់។ នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យមមានចំនួនប្រមាណ ៩០% នៃអង្គភាពអាជីវកម្មទាំងអស់ ដោយរួមចំណែកប្រមាណ ៧០% នៃកម្លាំងពលកម្ម និង ៥០% នៃផលិតផលក្នុងស្រុកសរុប។

ឧស្សាហកម្ម ៤.០ សំដៅលើបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលរួមបញ្ចូលការចាប់យកបច្ចេកវិទ្យាទំនើប ដូចជាការធ្វើស្វ័យប្រវត្តិកម្មខ្សែច្រវាក់ផលិតកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាអ៊ីនធើណិត (Internet of Things) ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ នវានុវត្តន៍ និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។


 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព