កម្ពុជាសហការជាមួយកូរ៉េ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី07 ខែ ឧសភា ឆ្នាំ 2025

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការលើកកម្ពស់ឧស្សាហកម្មបៃតងនៅកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម Wansup Kim បានលើកឡើងថា រដ្ឋាភិបាលកូរ៉េមានផែនការបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ហើយវិស័យទឹកស្អាត និងនិរន្តរភាពបរិស្ថានគឺជាអាទិភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េបានបន្ថែមថា៖ យើងមើលឃើញពីសក្តានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការផ្តល់សេវាសង្គម ដូចជាសេវាទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធបៃតង។ កម្ពុជាអាចចៀសវាងបទពិសោធន៍នៃការអភិវឌ្ឍមួយចំនួនដែលប្រទេសកូរ៉េបានជួបប្រទះ នៅក្នុងបរិវត្តកម្មឧស្សាហកម្មរបស់ខ្លួន ហើយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃរបស់កូរ៉េ នឹងជួយគាំទ្រកម្ពុជានៅក្នុងដំណើរឆ្ពោះទៅការសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។”

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះភាពជាដៃគូ និងការបន្តគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ ពិសេសសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ឯកឧត្តមបាន​លើកឡើងថា​៖ “សម្រាប់យើង ​ទឹកស្អាតមិនមែនត្រឹមតែសម្រាប់បំពេញ​តម្រូវ​ការ​ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែ​ជា​កម្លាំងរុញច្រានសម្រាប់​បរិវត្តកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា។”

ឯកឧត្តមបានសង្កត់ធ្ងន់លើគោលដៅក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីបម្រើសេចក្តីត្រូវការ ដែលកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន ដូចជារាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងកូរ៉េ ក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

សាធារណរដ្ឋកូរ៉េគឺជាដៃគូដ៏សំខាន់មួយសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា។ តាមរយៈគម្រោងប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ កូរ៉េកំពុងជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទាន និងការកសាងសមត្ថភាព។ គម្រោងនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដូចជាបំពាក់នាឡិកាទឹកឆ្លាតវៃដែលផ្តល់ព័ត៌មានពីការលេចធ្លាយ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលផ្អែកលើបច្ចេកវិទ្យា។

ដោយ: Soleak_Super_admin

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព