ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នាប្រទេសសិង្ហបុរី - ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស មានឯកទេសខាងបច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រកម្ពុជាឱ្យក្លាយជាតួអង្គនវានុវត្តន៍សំខាន់មួយក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះនឹងប្រើប្រាស់វិសាលភាព ស្ថេរភាព តម្លាភាព និងកិច្ចសន្យាឆ្លាតវៃនៃបច្ចេកវិទ្យា ICP ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលចំណេះដឹងសម្រាប់បច្ចេកវិទ្យាថ្មីៗ។
មូលនិធិ DFINITY បានព្រមព្រៀងចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងទិវាកាសប្តាហ៍បច្ចេកវិទ្យា blockchain សិង្ហបុរី។ កិច្ចសហការនេះនឹងប្រែក្លាយកម្ពុជាឱ្យទៅជាតួអង្គសំខាន់មួយក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន លើបច្ចេកវិទ្យា blockchain បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងអធិបតេយ្យភាពបច្ចេកវិទ្យាក្លោដ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កិច្ចសហការនេះនឹងផ្តោតសំខាន់លើអធិបតេយ្យភាពបច្ចេកវិទ្យាក្លោដ និងតាមដានការប្រើប្រាស់បច្ចេកវិទ្យានេះដោយតម្លាភាព វិសាលភាព និងសុវត្ថិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ តាមរយៈវិមជ្ឈការដំណោះស្រាយ blockchain លើបច្ចេកវិទ្យា ICP។ ភាពជាដៃគូនេះក៏នឹងផ្តល់ឱ្យស្ថាប័ននានារបស់កម្ពុជានូវឱកាសសហការជាមួយគ្រឹះស្ថានអប់រំសិក្សាទាំងក្រៅនិងក្នុងប្រទេស លើកកម្ពស់ការស្រាវជ្រាវរួមគ្នា និងគម្រោងនវានុវត្តន៍ផ្សេងៗ ដែលគាំទ្រដោយបច្ចេកវិទ្យា blockchain សំខាន់ៗរបស់ពិភពលោក។”
ឯកឧត្តមក៏បានរំលេចផងដែរថា ការសហការជាដៃគូយុទ្ធសាស្ត្ររវាងក្រសួង និងមូលនិធិ DFINITY នឹងជាជំហានមួយដ៏សំខាន់ក្នុងការជំរុញកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០។ ម្យ៉ាងវិញទៀត តាមរយៈការបញ្ចូលបច្ចេកវិទ្យា blockchain ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ យើងមានគោលដៅបង្កើតដំណោះស្រាយដែលមានសុវត្ថិភាព តម្លាភាព និងវិសាលភាព ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងទីក្រុងឆ្លាតវៃ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថលជារួម។
ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ភាពជាដៃគូនេះនឹងបង្កើតឱកាសថ្មីៗសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍បច្ចេកវិទ្យា និងកំណើនសហគ្រិនភាព ដែលជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ដែលកម្ពុជាអាចក្លាយជាប្រទេសឈានមុខមួយនៅក្នុងតំបន់សម្រាប់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យា blockchain និងបញ្ញាសិប្បនិម្មិត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាមិនត្រឹមតែចង់សម្រេចបាននូវវឌ្ឍនភាពបច្ចេកវិទ្យាប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងក៏ជំរុញបរិយាកាសអំណោចផលសម្រាប់វិស័យបច្ចេកវិទ្យាដ៏រស់រវើក ដែលនឹងលើកកម្ពស់ដល់សេដ្ឋកិច្ច និងសង្គមសម្រាប់ពេលអនាគតផងដែរ។”
លោក Dominic Williams ស្ថាបនិក និងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់មូលនិធិ DFINITY បានលើកឡើងអំពីសារៈសំខាន់នៃលិខិតបញ្ជាក់បំណងថា៖ “យើងមានសេចក្តីរំភើបរីករាយដែលបានឈានដល់កិច្ចព្រមព្រៀងប្រកបដោយមហិច្ឆតា និងចក្ខុវិស័យវែងឆ្ងាយនេះជាមួយកម្ពុជា។ យើងជឿជាក់ថា បច្ចេកវិទ្យា blockchain និងបញ្ញាសិប្បនិម្មិត អាចផ្តល់នូវបរិវត្តន៍កម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងឌីជីថលរបស់កម្ពុជា តាមរយៈការពង្រឹងសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល។ វិសាលភាព និងតម្លាភាពនៃបច្ចេកវិទ្យា ICP នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានសុវត្ថិភាព តម្លាភាព និងស្ថេរភាព។ កិច្ចសហការនេះនឹងជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលមួយក្នុងតំបន់សម្រាប់ចំណេះដឹង នវានុវត្តន៍ និងជំនាញផ្សេងៗលើការប្រើប្រាស់បច្ចេកវិទ្យា blockchain សម្រាប់ទីក្រុងឆ្លាតវៃ។”
លិខិតបញ្ជាក់បំណងរវាងកម្ពុជា និងមូលនិធិ DFINITY នេះ ជាផ្នែកមួយនៃការបន្តកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិ DFINITY ដើម្បីគាំទ្រនវានុវត្តន៍ និងការចែករំលែកចំណេះដឹងជាមួយរដ្ឋាភិបាល ទីភ្នាក់ងារ និងស្ថាប័ននានានៅទូទាំងពិភពលោក អំពីសក្តានុពលនៃអធិបតេយ្យភាពបច្ចេកវិទ្យាក្លោដ ដើម្បីធានាអធិបតេយ្យភាពទិន្នន័យ។ មូលនិធិ DFINITY ក៏ផ្តោតលើការចូលរួមជាមួយសហគ្រិន និងស្ថាប័នដែលធ្វើការផ្តោតលើបច្ចេកវិទ្យានៅតំបន់អាស៊ានផងដែរ។
អំពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងការអភិវឌ្ឍ និងអភិបាលកិច្ចក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ៖ www.misti.gov.kh
អំពីមូលនិធិ DFINITY
មូលនិធិ DFINITY ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Zürich ប្រទេសស្វីស ក្នុងឆ្នាំ២០១៦។ មូលនិធិនេះបានក្លាយជាស្ថាប័នបច្ចេកវិទ្យា blockchain ដ៏ធំបំផុតមួយនៅក្នុងប្រទេសស្វីស និងតំបន់ DACH (អាល្លឺម៉ង់ អូទ្រីស និងស្វីស) ដែលមានធនធានមនុស្សមានទេពកោសល្យមកពីស្ថាប័នក្នុងស្រុក និងអន្តរជាតិធំៗដូចជា IBM Research, Google Research, Meta, ។ល។ មូលនិធិ DFINITY គឺជាស្ថាបនិក និងជាអ្នករួមចំណែកដ៏សំខាន់ដល់ប្រព័ន្ធហរិញ្ញវត្ថុនិមិត្ត Internet Computer ជាបច្ចេកវិទ្យា blockchain ជំនាន់ទីបី ដែលពង្រីកមុខងាររបស់ប្រព័ន្ធអ៊ីនធឺណិតពីបណ្តាញដែលភ្ជាប់ឧបករណ៍ទូទាំងពិភពលោក ទៅជាថ្នាលបច្ចេកវិទ្យាកុំព្យូទ័រដែលផ្ទុកប្រព័ន្ធ និងសេវាកម្មដោយផ្ទាល់នៅលើបច្ចេកវិទ្យា blockchain។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍