នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធនាគារជាតិនៃកម្ពុជា បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ក្នុ្ងងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព ដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោកជំទាវ ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣៥០ នាក់។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការគិតគូរពង្រីកមុខរបរ អាជីវកម្ម ដោយមានមូលដ្ឋានចំណេះដឹងទាំងនេះឱ្យបានច្បាស់លាស់។”
ក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលា លោកជំទាវ ជា សិរី បានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។
លោកជំទាវ អគ្គទេសាភិបាល ក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ តាមរយៈការអនុវត្តវិធានការមួយចំនួន ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ, ការលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍, ការអភិវឌ្ឍប្រព័ន្ធទូទាត់, និងការបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្ត្រីជាដើម។
យុទ្ធសាស្រ្ដជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានកំណត់វិធានការគន្លឹះដែលត្រូវអនុវត្តដោយក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ យុទ្ធសាស្រ្ដនេះបានរំលេចអំពីសកម្មភាពចម្បងមួយចំនួនរបស់ធនាគារជាតិនៃកម្ពុជា រួមមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្សព្វផ្សាយសាធារណៈ និងការសិក្សាអប់រំទូទៅ, ការលើកទឹកចិត្តបុគ្គលស្វ័យនិយោជន៍ សហគ្រាសធុនតូច និងមធ្យមឱ្យបើកគណនីសន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ, ការអភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួលទទួលបាន ចំណាយតិច និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ដល់ការទទួលសេវាហិរញ្ញវត្ថុ, និងការបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ស្រ្តី។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ទទួលបានសំណើចុះឈ្មោះចំនួន ៤៦,៥៧៣ ក្នុងនោះកម្មករ-និយោជិតចំនួន ២,២១៧ សហគ្រាសធុនមីក្រូចំនួន ១,៣៦២ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៤២,៩៩៤។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍