ឯកឧត្តម ហែម វណ្ណឌី និងគណៈប្រតិភូធនាគារពិភពលោក ពិភាក្សាអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី10 ខែ ធ្នូ ឆ្នាំ 2024

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer នាយកប្រចាំប្រទេសកម្ពុជារបស់ធនាគារពិភពលោក។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាវិស័យទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការទទួលបានសេវាទឹកស្អាត និងការធានានិរន្តរភាពនៃប្រភពទឹក គឺជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើពិពិធកម្មឧស្សាហកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ឱ្យសម្របខ្លួនទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច និងការប្រកួតប្រជែងថ្មី។

លោកស្រី Meyer បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះការអភិវឌ្ឍនៅកម្ពុជា ដោយលើកឡើងពីគំនិតផ្តួចផ្តើមមួយចំនួន ដូចជាកម្មវិធីវិភាគសុវត្ថិភាពទឹក និងវាយតម្លៃវិស័យទឹកស្អាត (WaterSAP) ដើម្បីបង្កើននិរន្តរភាពធនធាន និងគៀរគរការចូលរួមរបស់វិស័យឯកជនជាដើម។ លោកស្រីបានកោតសរសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋាករទឹក និងបានបញ្ជាក់​ការគាំទ្ររបស់ធនាគារពីភពលោកសម្រាប់គម្រោងបង្កើនប្រសិទ្ធភាពកម្មរដ្ឋាករទឹកក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងមណ្ឌលគិរី។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូអំពីផែនការក្នុងការសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅផ្តល់អត្តសញ្ញាណដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពួកគេមានលទ្ធភាពទទួលអត្ថប្រយោជន៍ ដូចជាការអភិវឌ្ឍជំនាញ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងរបបសន្តិសុខសង្គម។

ឯកឧត្តមបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាកម្មរបស់ខ្លួន រួមទាំងការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

គណៈប្រតិភូធនាគារពិភពលោកបានស្វាគមន៍ឱកាសស្វែងយល់ និងតម្រង់ទិសធនធានរបស់ខ្លួនជាមួយនឹងការលើកកម្ពស់ផលិតភាព ដើម្បីគាំទ្រកំណើន ភាពធន់ និងនិរន្តរភាពរបស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សា ដើម្បីកែលម្អយុទ្ធសាស្ត្រ និងពន្លឿនការអភិវឌ្ឍក្នុងវិស័យសំខាន់ៗទាំងនេះ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព