នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រុមការងារគម្រោងពាណិជ្ជកម្មតំបន់ដើម្បីការអភិវឌ្ឍ (RT4D) បានរៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP), ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, និងការសម្របសម្រួលពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Kirsty Harris ប្រធានផ្នែកកិច្ចសហប្រតិបត្តិកាអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងវិស័យសាធារណៈ វិស័យឯកជន ក្រុមអ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធសរុបជាង ១៥០ នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ញឹម ខេមរា បានលើកឡើងថា៖ “ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព ជំរុញឱ្យអាជីវកម្មកម្ពុជាមានជំហររឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈការកើនឡើងនូវភាពជឿជាក់នៅក្នុងចំណោមដៃគូពាណិជ្ជកម្ម និងមានភ័ស្តុតាងបញ្ជាក់ពីគុណភាព និងសុវត្ថិភាព។”
សិក្ខាសាលាក៏ផ្តោតលើការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព ក្រោមកិច្ចព្រមព្រៀង RCEP ដែលនឹងជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូនានាប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ញឹម ខេមរា បានបន្ថែមថា៖ “ថ្ងៃនេះ យើងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការប្តេជ្ញាចិត្តអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម។”
សិក្ខាសាលាបានទទួលធាតុចូល និងការពិភាក្សាយ៉ាងផុលផុស ក្នុងការកំណត់បញ្ហាប្រឈម និងដំណោះស្រាយដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការងារហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក៏ដូចជាជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍