ក្រសួងឧស្សាហកម្ម និងអង្គការ UNIDO ដាក់ឱ្យដំណើរការកម្មវិធី «ជំនាញបង្កើនផលិតភាពសហគ្រាស» ដើម្បីបង្កើនប្រសិទ្ធិភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី08 ខែ មេសា ឆ្នាំ 2025

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ការដាក់ឱ្យដំណើរការនេះជាផ្នែកមួយនៃគម្រោង «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ (DEY III) ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

តាមរយៈគម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយអង្គការ UNIDO នឹងសហការអនុវត្តសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាពសហគ្រាស និងសមាគមធុរកិច្ច ឱ្យបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារសមរម្យដល់យុវជន។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួង​ឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានលើកឡើងថា៖ "គម្រោងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងសមត្ថភាពកម្មករ-បុគ្គលិក រោងចក្រ សហគ្រាស និងសិប្បកម្ម ជាពិសេសផ្តោតទៅលើវិស័យកសិ-ឧស្សាហកម្ម ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដឹកនាំសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ និងតម្រង់ទិសរួមជាមួយការកែសម្រួលក្របខ័ណ្ឌគតិយុត្តិ និងបទបញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ។”

តាមលទ្ធផល​នៃការវាយតម្លៃរហ័សអំពីតម្រូវការ ធ្វើឡើងរបស់អង្គការ UNIDO សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុង​ប្រឈម​នឹងឧបសគ្គមួយចំនួន​ដូច​ជា ​កង្វះលទ្ធភាពទទួល​​ហិរញ្ញប្បទាន ​ប្រាក់​កម្ចី និងទុន​បង្វិល កង្វះចំណេះដឹងបច្ចេក​ទេស ដូចជាទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ និងប្រសិទ្ធភាពធនធាន លទ្ធភាពតភ្ជាប់និង​ជ្រៀតចូលទីផ្សារតិចតួច និងកង្វះបុគ្គលិ​កជំនាញ សមត្ថភាពគ្រប់គ្រងដំណើរការអាជីវកម្ម និងវត្ថុធាតុដើម​ដែល​មាន​គុណភាពជាដើម។

លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានបញ្ជាក់អំពីសារៈសំខាន់នៃការកសាងសមត្ថភាព សហគ្រាសធុនតូច និងមធ្យម​ ថា៖ “គំនិតផ្តួច​ផ្តើម​នេះនឹងផ្លាស់ប្តូរ SMEs ធ្វើឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានការរីកចម្រើនខ្ពស់។ វានឹងជួយ​បង្កើតការងារ បំផុសគំនិតដល់អ្នកដទៃ និងពង្រឹង​ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ រឹងមាំ។ តាមរយៈការផ្តល់ដល់ SMEs នូវចំណេះដឹង​សំខាន់ៗទាំង​នេះ គំនិត​ផ្តួច​ផ្តើម​នេះមានគោលដៅចូលរួមក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ននៅកម្ពុជា។

កម្មវិធី «ជំនាញបង្កើនផលិតភាពសហគ្រាស» នឹង​ផ្តល់​ជូន​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជាសេរ៊ី​ ​ដូចជាការបណ្តុះបណ្តាលស្តីពីស្តង់ដារគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ GHP/HACCP ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ការគ្រប់គ្រងដំណើរការអាជីវកម្ម និងបរិវត្តិកម្មឌីជីថលសម្រាប់អាជីវកម្មជាដើម។

សហគ្រាសធុនតូច និងមធ្យមមួយចំនួន ដែលទទួល​បាន​ការបណ្តុះបណ្តាល និង​មាន​ការប្តេជ្ញាចិត្តខ្ពស់ នឹងត្រូវបាន​ជ្រើសរើស​សម្រាប់​ការប្រឹក្សា​យោបល់បន្ថែម​។ សេវាប្រឹក្សា​យោបល់នេះមានសារៈសំខាន់ជាពិសេស​ ដើម្បីធានាថា ម្ចាស់សហគ្រាសអាច​​​យក​ចំណេះដឹងពីកម្មវិធីបណ្តុះបណ្តាលទៅ​អនុវត្ត​ និងបង្កើតការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងអាជីវកម្មរបស់ខ្លួន។

ក្រសួង​ឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងអង្គការ UNIDO លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់យកឱកាសបណ្តុះបណ្តាលនេះ ដើម្បីបង្កើនជំនាញ ធ្វើនវានុវត្តកម្មដំណើរ​ការ​ផលិត និងអនុវត្តគោលការណ៍ផលិតកម្មប្រកបដោយចីរភាព។

 

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព