នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងមុខងារសាធារណៈ បានសហការរៀបចំសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន គឺជាការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ បន្តពីរដ្ឋាភិបាលអាណត្តិមុន និងផ្តោតសំខាន់លើកិច្ចសហការជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន ផ្អែកលើ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖ “នេះមិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ។”
គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) បានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន, ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, និងការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ក្នុងរបាយការណ៍ជូនដល់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទាំងពីរលើកិច្ចការដ៏សំខាន់នេះ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ដើម្បីបម្រើផលប្រយោជន៍ជាតិឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមបានលើកឡើងថា៖ "ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន គឺជាកិច្ចការមួយដ៏សំខាន់ ដើម្បីសម្រួចការអនុវត្តការងារឱ្យចំគោលដៅអាទិភាពនៃមុខងាររបស់ក្រសួង-ស្ថាប័ន និងឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្អែកលើអភិក្រម “រៀបចំផ្ទះឱ្យបានរៀបរយ និងពង្រឹង ជាជាងពង្រីក”។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន រួមទាំងកង្វះធនធានមនុស្សដែលមានជំនាញ កំណើននៃមន្រ្តីចូលនិវត្តន៍ និងការប្រជែងបុគ្គលិកដែលមានសមត្ថភាពខ្ពស់ពីវិស័យឯកជន។ ទន្ទឹមនឹងនោះ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យ និងអនុវិស័យក្រោមអាណត្តិកិច្ចរបស់ក្រសួង ជាពិសេសនៅថ្នាក់ក្រោមជាតិ ក៏បានដាក់សម្ពាធលើធនធានមនុស្ស និងធនធានហិរញ្ញវត្ថុបច្ចុប្បន្នរបស់ក្រសួងផងដែរ។
ឯកឧត្តមបានស្នើឱ្យក្រសួងមុខងារសាធារណៈ ផ្តល់ការគាំទ្រលើការស្នើសុំបន្ថែមមន្រ្តីជំនាញបច្ចេកទេស ដើម្បីជំរុញការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់ក្រសួង និងបំពេញតម្រូវការសម្រាប់កំណើននៃឧស្សាហកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍