កម្ពុជាខិតខំពង្រឹងការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតដំណោះស្រាយក្នុងស្រុកដែលផ្អែកលើបច្ចេកវិទ្យា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអាទិត្យ, ទី08 ខែ កញ្ញា ឆ្នាំ 2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ“ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍរបស់កម្ពុជា” នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងកិច្ចខិតខំពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវ ដោយគាំទ្រអ្នកស្រាវជ្រាវក្នុងការជ្រើសរើសប្រធានបទស្រាវ​ជ្រាវប្រកបដោយនវានុវត្តន៍ និងប្រែក្លាយលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេ ជាប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិ។

សិក្ខាសាលា ដែលមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ស្ថាប័នស្រាវជ្រាវ សហគមន៍អ្នកវិទ្យាសាស្ត្រ និងស្ថា ប័នសិក្សាអប់រំជាង១៣០នាក់នេះ បានពិភាក្សាអំពីអនាគតនៃការស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍នៅកម្ពុជា ព្រមទាំងការអភិវឌ្ឍយន្តការ​ផ្តល់ហិរញ្ញប្បទានសម្រាប់ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទិន្នន័យជាក់ស្តែងបានបង្ហាញថា ប្រទេសដែលវិនិយោគច្រើនជាង២% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ មានសមាហរណកម្មសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ បណ្តាប្រទេសដែលវិនិយោគច្រើនលើការស្រាវជ្រាវ មានលទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងស្រុក ព្រមទាំងបានរួមចំណែកដល់វឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខសង្គមជាសកលផងដែរ។ ឯកឧត្តមបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលប្រជាពលរដ្ឋ និងអាជីវកម្មក្នុងស្រុកជួបប្រទះ។

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាពង្រឹងសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីគាំទ្រចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាផ្នែកមួយនៃចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០២៣០ ដែលត្រូវបានអនុម័តនៅឆ្នាំ​២០២១ បានកំណត់គោលដៅបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ក្នុងនោះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបង្កើតដោយព្រះរាជក្រឹត្យ ដើម្បីគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

មូលដ្ឋានគ្រឹះមួយនៃផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ គឺបង្កើតនូវក្របខ័ណ្ឌស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ ដើម្បីបង្កើនសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា និងលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដែលផ្តោតលើនវានុវត្តន៍។

សិក្ខាសាលាបានបង្ហាញលទ្ធផលនៃការស្ទង់មតិអំពីតម្រូវការប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលជាតម្រូវការរបស់អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងបង្កើតនូវគោលគំនិតសម្រាប់រៀបចំវេទិកា ដើម្បីបំពេញតម្រូវការរបស់អ្នកស្រាវជ្រាវ និងតម្រូវការឧស្សាហកម្ម។ វេទិកានេះមានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពបច្ចេកទេស និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិជាយុទ្ធសាស្ត្រ។ សិក្ខាកាមក៏បានផ្តល់ធាតុចូល និងមតិយោបល់ដ៏មានតម្លៃ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយ​ដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសថ្មីៗសម្រាប់កម្ពុជា។

របៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ ​រួមមានគំនិតផ្តួចផ្តើមដ៏សំខាន់មួយ គឺបង្កើតប្រព័ន្ធគ្រប់គ្រងការស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់កម្ពុជា។ ប្រព័ន្ធនេះនឹងដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តការបង្កើតចំណេះដឹង និងលើកកម្ពស់នវានុវត្តន៍លើវិស័យសំខាន់ៗចំនួន៨ ជាអាទិ៍ ៖១) ការផលិតអាហារក្នុងស្រុក ២) ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ៣) ការអប់រំប្រកបដោយគុណភាព ៤) គ្រឿងបន្លាស់អេឡិចត្រូនិច និងមេកានិក ៥) អគ្គិសនី និងទឹកស្អាត ៦) សេវាកម្មផ្អែកលើប្រព័ន្ធក្លោដ ៧) ប្រព័ន្ធសុខាភិបាលឌីជីថល និង ៨) អព្យាក្រឹតភាពកាបូន។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានលើកឡើងពីសារៈសំខាន់នៃវិធីសាស្រ្តជាប្រព័ន្ធ និងបែបវិទ្យាសាស្ត្រ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយគូសបញ្ជាក់ថា ការវិនិយោគទាំងលើហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងតំបន់ និងលើ​សាកលលោក។ ឯកឧត្តមបានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលបានត្រៀមរួចរាល់ និងរឹងមាំ នឹងរួមចំណែកដល់ការកសាងទំនុកចិត្តក្នុងចំណោមរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

សិក្ខាសាលាក៏មានវេទិកាពិភាក្សា ដែលវាគ្មិនជាមន្ត្រីរដ្ឋាភិបាល និងអ្នកស្រាវជ្រាវល្បីៗ បានពិភាក្សាលើប្រធាន​​បទជាច្រើន រួមទាំងបញ្ហាប្រឈម ឱកាស និរន្តរភាព តួនាទីរបស់រដ្ឋ និងសូចនាករសំខាន់ៗ ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ សម្រាប់បរិបទបច្ចុប្បន្ន និងតម្រូវការអនាគតរបស់កម្ពុជា។


ការពិភាក្សាក៏បានផ្តោតលើយុទ្ធសាស្រ្តលើកកម្ពស់កិច្ចសហការនៅក្នុងគំរូ Triple-Helix ដោយធានាថាប្រព័ន្ធនេះមិនត្រឹមតែជំរុញរបបគំហើញផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកដល់ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជំរុញភាពប្រកួតប្រជែង វិបុលភាពសង្គម និងកំណើនសេដ្ឋកិច្ច។ វាទិកាពិភាក្សាក៏បានចែករំលែកឧត្តមានុវត្តន៍ជាសកល ពីប្រទេសដែលបានអនុវត្តដោយជោគជ័យនូវប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការយល់ដឹងសំខាន់ៗ ដែលកម្ពុជាអាចសម្របខ្លួន និងយកមកអនុវត្ត ដោយ​ផ្អែកលើបរិបទជាក់លាក់នៃគំរូ Triple-Helix របស់ខ្លួន។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានបញ្ជាក់អំពីភាពចាំបាច់នៃការចូលរួមពីភាគីពាក់ព័ន្ធនៅក្នុងគំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍នាពេលអនាគតនៅកម្ពុជា ដោយលើកឡើងថា ការរីកចំរើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងចំណេះដឹង មានសារៈសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរពីសេដ្ឋកិច្ចអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។​

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងយកធាតុចូល និងមតិយោបល់ដែលទទួលបានពីសិក្សាសាលានេះ ដើម្បីបម្រើដល់ការរៀបចំគោលនយោបាយនាពេលខាងមុខ។ ចំណេះដឹងទាំងនេះក៏នឹងត្រូវបានរៀបចំរបាយការណ៍មួយសម្រាប់សាធារណៈជនទៅយកសិក្សាស្វែងយល់បន្ថែមផងដែរ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព