ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark នៃសាធារណៈរដ្ឋកូរ៉េ បានបង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា។
លោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ។
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសឧស្សាហូបនីយកម្ម ឆ្ពោះទៅការកសាងខឿនសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង និង ជំរុញដោយបច្ចេកវិទ្យា។
ឯកឧត្តមបានលើកទឹកចិត្តមជ្ឈមណ្ឌល Gyeongbuk Technopark ឱ្យពិចារណាបង្វែរទិសវិនិយោគរបស់កូរ៉េលើវិស័យបច្ចេកវិទ្យា ពីប្រទេសមួយចំនួនមកកម្ពុជា ដោយផ្អែកលើពីមូលដ្ឋាននៃបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា ដែលរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយគាំទ្រធុរកិច្ច និងប្រជាជនវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យា។
ឯកឧត្តមបានបន្ថែមថា៖ “កម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា ហើយយើងស្វាគមន៍កិច្ចសហការដែលអាចបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងប្រទេស និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មដែលផ្តោតលើការនាំ ចេញ។”
លោក Minjae Joung បានបញ្ជាក់ថា ជំនាញរបស់មជ្ឈមណ្ឌល Gyeongbuk Technopark ស្របនឹងអាទិភាពរបស់កម្ពុជា ជាពិសេសបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាបៃតង។ លោកក៏បានចាប់អារម្មណ៍លើកិច្ចសហការក្នុងការបង្កើតមជ្ឈមណ្ឌលផលិត និងពិសោធន៍ឧបករណ៍វេជ្ជសាស្ត្រដើម្បីជំរុញបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ ប្តេជ្ញាគាំទ្រគម្រោងវិនិយោគឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកវិនិយោគប្រើប្រាស់យន្តការវិនិយោគផ្លូវការ និងស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដោយក្រសួងត្រៀមសហការ និងជួយសម្របសម្រួល។
ឯកឧត្តមបានលើកឡើងថា៖ “កម្ពុជាអាចជាទីផ្សារតូច ប៉ុន្តែអ្នកវិនិយោគមិនគួរសម្លឹងតែទីផ្សារក្នុងស្រុកទេ។ យើងមានទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខ័ណ្ឌ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន រួមទាំងជាមួយប្រទេសចិន កូរ៉េ និងមជ្ឈិមបូព៌ា។ ការទទួលបានព័ត៌មានពិត តាមរយៈយន្តការផ្លូវការមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តដែលត្រឹមត្រូវ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកសាធារណរដ្ឋកូរ៉េជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។”
Gyeongbuk Technopark គឺជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាំទ្រដល់ការរីកលូតលាស់នៃឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ និងកិច្ចសហការវវាងវិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ និងទីភ្នាក់ងាររដ្ឋាភិបាល។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍