ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ពង្រីកតួនាទីរបស់ខ្លួនជា “ស្ពាន” រវាងសហគ្រាសធុនតូច និងមធ្យមជប៉ុន ជាមួយដៃគូនៅកម្ពុជា។
ក្នុងជំនួបជាមួយតំណាងសមាគម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផលការងារចាប់តាំងពីសមាគមចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០២។ បច្ចុប្បន្ន សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនមានសមាជិកប្រមាណ ១.០០០នាក់ និងអនុវត្តសកម្មភាពនានា ដូចជា JAC Japan Desk ដែលផ្តល់សេវាប្រឹក្សាយោបល់ ការជ្រើសរើសបុគ្គលិក និងការកសាងបណ្តាញធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលកំពុងប្រតិបត្តិការ ឬចាប់អារម្មណ៍ឈានចូលក្នុងទីផ្សារកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដោយសារប្រទេសជប៉ុនជាសង្គមដែលមានប្រជាជនវ័យចំណាស់ច្រើន និងការថមថយកំណើនសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនមួយចំនួនកំពុងស្វែងរកឱកាសធុរកិច្ចនៅក្រៅប្រទេស ហើយពួកគេអាចនឹងពិបាកចូលទៅក្នុងទីផ្សារថ្មី។ ឯកឧត្តមបានជំរុញឱ្យសមាគមបន្តគាំទ្រសហគ្រាសទាំងនេះ តាមរយៈការភ្ជាប់ទំនាក់ទំនង និងការផ្តល់ប្រឹក្សាយោបល់ច្បាស់លាស់ ក៏ដូចជាជួយសហគ្រាសក្នុងស្រុកស្វែងរកឱកាសធុរកិច្ចនៅជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យសមាគមផ្តោតលើការពង្រឹងស្ថាប័ន កសាងមូលដ្ឋានទិន្នន័យសមាជិកជាបណ្តុំធនធានមនុស្សសម្រាប់តម្រូវការផ្សេងៗ និងពង្រីកប្រភពចំណូលរបស់ខ្លួន ប៉ុន្តែត្រូវរក្សាគុណតម្លៃ និងបេសកកម្មជាស្ថាប័នមិនរកប្រាក់ចំណេញ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍