ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសង្កែ និងស្រុករតនមណ្ឌល បានដឹកនាំសម្របសម្រួលវេទិកាសាធារណៈសម្រាប់ស្រុកសង្កែនៅថ្ងៃទី១៦ ខែតុលា និងសម្រាប់ស្រុករតនមណ្ឌលនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ក្នុងវេទិកាទាំងពីរ តំណាងប្រជាពលរដ្ឋបានលើកសំណើមួយចំនួនជូនដល់ក្រុមការងារ រួមមានសំណើសុំអគារសិក្សា មណ្ឌលសុខភាព ការកសាងនិងកែលម្អផ្លូវថ្នល់ ប្រឡាយ ការគ្រប់គ្រងកាកសំណល់ និងលូបង្ហូរទឹកស្អុយ ការតបណ្តាញទឹកស្អាត ដំណោះស្រាយបញ្ហាដីធ្លី ការការពារទឹកជំនន់ និងរក្សាសុខសុវត្ថិភាពក្នុងសហគមន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញតំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីឆ្លើយតបនឹងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងបានស្នើឱ្យតំណាងប្រជាពលរដ្ឋដាក់សំណើផ្លូវការ ដោយបែងចែកតាមកម្រិត នៃតម្រូវការអន្តរាគមន៍។ ឯកឧត្តមក៏បានរៀបចំជាចលនាឱ្យមានការចូលរួមពីសហគមន៍ ពិសេសគឺភាពជាម្ចាស់ក្នុងការរក្សាថែទាំសមិទ្ធផលនានា។
ឯកឧត្តមបានបង្ហាញការប្តេជ្ញាចិត្តចំពោះស្រុកទាំងពីរ និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីធានានូវវឌ្ឍនភាព និងសុខសុវត្ថិភាពសម្រាប់សហគមន៍។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍