រោងចក្រផលិតទឹកស្អាតបឹងធំពង្រីកវិសាលភាពសេវាទឹកស្អាតជូនដល់ប្រជាពលរដ្ឋ នៅតំបន់ជាយរាជធានីភ្នំពេញ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី16 ខែ ធ្នូ ឆ្នាំ 2024

ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសម្រេចសមិទ្ធិផលថ្មីមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាត ៦.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រថ្មីនេះនឹងពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣.០០០គ្រួសារ នៅក្នុង១០ភូមិ នៃខណ្ឌកំបូល រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃរោងចក្រផលិតទឹកស្អាតនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹកជាអាទិភាពគន្លឹះទីបី។ ឯកឧត្តមបានលើកឡើង​ថា​៖ “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។”

ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត ដោយក្នុងនោះ មានគម្រោងចំនួន៣១ ដែលបានអនុវត្តរួច និងកំពុងអនុវត្ត រួមមានទាំងគម្រោងកសាងសមត្ថភាពគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាតនៅទូទាំងប្រទេស។

រោងចក្រផលិតទឹកស្អាតបឹងធំគឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត មេ្លចនៅខេត្តកំពត។ រោងចក្រ​ថ្មីនេះផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ របស់កម្ពុជា ស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។

ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យភាគីពាក់ព័ន្ធ រួមទាំងក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមការពារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ពង្រីកបណ្តាញចែកចាយ និងរក្សាស្ទឹងព្រែកត្នោត ជាប្រភពទឹកសម្រាប់រយៈពេលវែង។ ឯកឧត្តមបានបន្ថែមថា កិច្ចសហការទាំងនេះមានសារៈសំខាន់ក្នុងការធានាការផ្គត់ផ្គង់ និងគុណភាពទឹកនាពេលអនាគត, លើកកម្ពស់សុខភាពសាធារណៈ, និងគាំទ្រដល់ការអភិវឌ្ឍប្រកប​ដោយចីរភាព និងបរិយាបន្ន។

បច្ចុប្បន្នភាពផែនការមេវិស័យទឹកស្អាតរាជធានីភ្នំពេញ ដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករណ៍ថា តម្រូវការទឹកស្អាតនឹងកើនឡើងដល់ប្រមាណជាង ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០។ ក្រោយដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបឹងធំ សមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងកើនឡើងពី ៩៨២.០០០ ទៅដល់ ៩៨៨.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគាំទ្រដោយបណ្តាញចែកចាយទឹកស្អាតប្រវែង ៤.៨៧០ គីឡូម៉ែត្រ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព