នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំសម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាតដែលធន់នឹងទឹកជំនន់ និងគ្រោះរាំងស្ងួត។ វគ្គបណ្តុះបណ្តាលនេះមានគោលដៅពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកវិស័យទឹកស្អាតមកពីមន្ទីរទាំង២៥រាជធានី-ខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈម និងអនុវត្តយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសេវាទឹកស្អាត ក្នុងស្ថានភាពគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
វគ្គបណ្តុះបណ្តាលផ្តោតលើគោលការណែនាំស្តីពីវិធានការដែលត្រូវអនុវត្តមុនពេល អំឡុងពេល និងក្រោយព្រឹត្តិការណ៍ទឹកជំនន់ ឬគ្រោះរាំងស្ងួត។ វាក៏រួមបញ្ចូលនូវយុទ្ធសាស្រ្តស្តារឡើងវិញ ដើម្បីធានាការបន្តសេវាទឹកស្អាតឱ្យបានជាអតិបរមា ក្រោយផលប៉ះពាល់នៃគ្រោះមហន្តរាយ។
លោក ស្រេង សុខវង្ស ប្រធាននាយកដ្ឋានបច្ចេកទេស និងគ្រប់គ្រងគម្រោងនៃអគ្គនាយកដ្ឋានទឹកស្អាត បានបញ្ជាក់សារៈសំខាន់នៃសិក្ខាសាលានេះ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។ លោកបានលើកឡើងថា៖ “វគ្គបណ្តុះបណ្តាលនេះគឺជាវិធានការបុរេសកម្មមួយ ដើម្បីបង្កើនការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយសម្រាប់វិស័យទឹកស្អាតរបស់យើង។ វាមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារទឹកស្អាត ដើម្បីសហការប្រកបដោយប្រសិទ្ធភាព និងគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់នៃហានិភ័យបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។”
បច្ចុប្បន្ន កម្ពុជាមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ ដែលកំពុងផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀចំកែលម្អយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទឹកស្អាតនេះ ដោយផ្តោតលើការលើកកម្ពស់គុណភាពទឹក ការផ្តល់សេវា និងការពង្រីកតំបន់គ្របដណ្តប់។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍