ក្រសួងឧស្សាហកម្ម វ.ប.ន ជំរុញគោលការណ៍ណែនាំស្តីពីការទាក់ទាញបុគ្គលមានទេពកោសល្យសម្រាប់ការអភិវឌ្ឍកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសុក្រ, ទី20 ខែ ធ្នូ ឆ្នាំ 2024

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសម្រាប់ទាក់ទាញបុគុ្គលមានទេពកោសល្យ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សំដៅពិភាក្សា និងផ្ទៀងផ្ទាត់សុពលភាពនៃគោលការណ៍នែនាំនេះ ដើម្បីទាក់ទាញអ្នកជំនាញក្នុងវិស័យសំខាន់ៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល និងវិស្វកម្មជាដើម។

នៅក្នុងសុន្ទរកថាទៅកាន់អង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការផ្លាស់ប្តូរទស្សនៈជាសាកលដោយងាកចេញពីការពឹងលើធនធានធម្មជាតិ មកផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ជាមូលដ្ឋានគ្រឹះ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា៖ មនុស្សគឺជាធនធានដ៏សំខាន់ និងប្រកបដោយចីរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិមួយ ហើយការទាក់ទាញបុគ្គលមានទេពកោសល្យគឺជាជំហានដ៏សំខាន់មួយក្នុងរបត់ថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ច។”

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចនូវយន្តការមួយចំនួន ដែលត្រូវបានប្រើប្រាស់ ដើម្បីទាក់ទាញបុគ្គលមានទេពកោសល្យ ដូចជាការផ្តល់អាហារូបករណ៍ កម្មវិធីស្រាវជ្រាវរយៈពេលខ្លីនិងវែង ការផ្តល់សិទ្ធិការងារ សិទ្ធិ ស្នាក់នៅ ការលើកលែងទិដ្ឋាការ ការផ្តល់ហិរញ្ញប្បទាន ការផ្តល់សញ្ជាតិ និងការលើកទឹកចិត្តផ្សេងៗ។

គោលការណ៍ណែនាំស្តីពីការទាក់ទាញបុគ្គលមានទេពកោសល្យសម្រាប់កម្ពុជា ក៏មានគោលបំណងលើកទឹកចិត្តដល់និស្សិតកម្ពុជាដែលបានចេញទៅសិក្សានៅបរទេស ឱ្យត្រលប់មកវិញ និងរួមចំណែកដល់ការអភិវឌ្ឍជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមកែលម្អគោលការណ៍ណែនាំនេះ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ចំណេះដឹង​ សមត្ថភាព ភាពប៉ិនប្រសប់ និងបុគ្គលដែលមានទេពកោសល្យក្នុងវិស័យរបស់ខ្លួន ដោយបង្កលក្ខណៈងាយស្រួល និងជំរុញការចូលរួមរបស់បុគ្គលមានទេពកោសល្យ នៅក្នុងរចនា​សម្ព័ន្ធដឹកនាំរបស់ក្រសួង-ស្ថាប័ន និងកម្មវិធីនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងលើកស្ទួយការអភិវឌ្ឍមូលធនមនុស្ស ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០, របៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព