ឯកឧត្តម ហែម វណ្ណឌី ទទួលជួបតំណាងសភាពាណិជ្ជកម្មកាណាដា ដើម្បីជំរុញនវានុវត្តន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី25 ខែ មីនា ឆ្នាំ 2025

ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា (CanCham) ដើម្បីពិភាក្សាពីកិច្ចសហការលើកកម្ពស់នវានុវត្តន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ជាឧបករណ៍គោលមួយ ដើម្បីវាស់វែង និងលើកកម្ពស់នវានុវត្តន៍នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។ ឯកឧត្តមបានគូសរំលេចពីភាពចាំបាច់នៃការយល់ដឹងផ្អែកលើទិន្នន័យ ការចូលរួមរបស់
វិស័យឯកជន និងវិធីសាស្រ្តបរិយាបន្នដែលគាំទ្រសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្មធន់ធំ រួមទាំងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

ឯកឧត្តមបានលើកឡើងថា៖ "យើងត្រូវតែព្យាយាម តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជានេះ ដើម្បីជំរុញសហគ្រិនរបស់យើងឱ្យឆ្ពោះទៅរកនវានុវត្តន៍ និងការសម្រេចចក្ខុវិស័យ ២០៥០ របស់យើង។”

សភាពាណិជ្ជកម្មកាណាដា បានបង្ហាញការគាំទ្រចំពោះសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដោយទទួលស្គាល់គុណតម្លៃនៃគំនិតផ្តួចផ្តើមនេះ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម។

 លោក Victor La នាយកផ្នែកផែនការយុទ្ធសាស្រ្ត នៃសភាពាណិជ្ជកម្មកាណាដា បានលើកឡើងថា៖ "យើងឃើញការប្រើប្រាស់ដ៏ទូលំទូលាយនៃឧបករណ៍នេះ ហើយសភាពាណិជ្ជកម្មកាណាដាត្រៀមជួយផ្សព្វផ្សាយ ដល់សមាជិករបស់យើង និងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីជារួម។”

ភាគីទាំងពីរបានឯកភាពថា កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការនានាត្រូវស្របនឹងយុទ្ធសាស្ត្រ
បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលផ្អែក
លើការលើកទឹកចិត្តដ៏រឹងមាំមួយ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព