ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការអនុវត្តរបបសន្តិសុខសង្គមក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីដ៏សំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ ជាពិសេសតាមរយៈការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) និងបានស្នើឱ្យមានការពិនិត្យលទ្ធភាពសម្រាប់ក្រុមគោលដៅទាំង១៥ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រ។
ឯកឧត្តម ហេង សួរ បានជម្រាបជូនអំពីសមិទ្ធផលដែលសម្រេចបានកន្លងមក ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិនេះ ដែលរួមទាំងការផ្តល់អត្ថប្រយោជន៍ ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងការអភិវឌ្ឍជំនាញ។
កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរបានប្រព្រឹត្តិទៅដោយលក្ខណៈបើកចំហរ និងផ្តោតលើកិច្ចសហប្រតិបត្តិការ សំដៅជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិក្រោមក្របខ័ណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គណៈកម្មាធិការសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលខុសត្រូវក្នុងការសម្របសម្រួល វាយតម្លៃ និងរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិនេះ បាននិងកំពុងកៀរគរការចូលរួម និងប្រមូលបច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍