ឯកឧត្តម ហែម វណ្ណឌី ទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យណាននីងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី18 ខែ វិច្ឆិកា ឆ្នាំ 2024

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាឌីជីថល ណាននីង (Nanning University of Digital Technology) នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការគាំទ្រ

ឧស្សាហកម្មដែលជំរុញដោយការស្រាវជ្រាវ និងគំនិតផ្តួចផ្តើមលើកកម្ពស់ភាពប្រកួតប្រជែងនៃអាជីវកម្ម និងឧស្សាហកម្មកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍជាតិ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។  ឯកឧត្តមបានលើក​ឡើងថា៖ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន។ យើងចង់ប្រើប្រាស់កិច្ចសហប្រតិបត្តិការនេះ ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង។"

លោកសាស្ត្រាចារ្យ Kevin Liu បានស្នើនូវគំនិតផ្តួចផ្តើមស្រាវជ្រាវដែលជំរុញដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI), ការអភិវឌ្ឍធនធានមនុស្សសម្រាប់ពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត, និងការបង្កើតវគ្គបណ្តុះបណ្តាលអនឡាញរួមគ្នា។ លោកបានលើកឡើងថា៖ "គោលដៅអភិវឌ្ឍន៍របស់កម្ពុជាស្របនឹងជំនាញផ្នែកបញ្ញាសប្បនិម្មិត និងអន្តរកម្មរវាងមនុស្ស និងកុំព្យូទ័ររបស់សាកលវិទ្យាល័យយើង។"

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួតផ្តើមទាំងនេះ និងបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា បង្កើតយន្តការចែករំលែកព័ត៌មានស្តីពីនិន្នាការបច្ចេកវិទ្យា និងឧស្សាហកម្មសាកល ព្រមទាំងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមការងាររបស់ក្រសួង ដើម្បីសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែង។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព