មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកដើម្បីលើកកម្ពស់សេវាមន្ទីរពិសោធន៍

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសៅរ៍, ទី21 ខែ កញ្ញា ឆ្នាំ 2024

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក នៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កម្មវិធីនេះផ្តោតលើការពង្រឹងជំនាញ និងវិជ្ជាជីវៈរបស់បុគ្គលិកមន្ទីរពិសោធន៍ ខណៈដែលស្ថាប័ននេះត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយទទួលបាននូវស្វ័យភាពកាន់ខ្ពស់ ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖​ កំណែទម្រង់នេះទាមទារឱ្យមន្ទីរពិសោធន៍ជាតិធ្វើប្រតិបត្តិការ ប្រកបដោយគណនេយ្យភាព សំដៅលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងកំណើន។”

ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូរផ្នត់គំនិត ព្រមទាំងជំរុញឱ្យមន្ទីរពិសោធន៍អនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ និងប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្ម។ ឯកឧត្តមបានបន្ថែមថា ការធ្វើដូច្នេះ នឹងជួយមន្ទីរពិសោធន៍ជាតិឱ្យបណ្តុះវប្បធម៌នៃការទទួលខុសត្រូវ កិច្ចសហការ និងការអភិវឌ្ឍវិជ្ជា ជីវៈនៅគ្រប់កម្រិតក្នុងស្ថាប័ន ដែលធានាថា មន្ទីរពិសោធន៍បំពេញបេសកកម្មរបស់ខ្លួនក្នុងស្មារតីសហគ្រិនភាពខ្ពស់។

មន្ទីរពិសោធន៍ជាតិនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ក្នុងការគាំទ្រឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញរបស់កម្ពុជា។ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ មន្ទីរពិសោធន៍ជាតិមានគោលបំណងពង្រឹង និងពង្រីកសេវារបស់ខ្លួន កាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តផលិតផលនៅក្រៅប្រទេស ដែលនឹងជួយវិស័យឯកជនក្នុងស្រុកឱ្យអនុលោមតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវនៃទីផ្សារអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាជារួម។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព