ក្រុមហ៊ុន Energy China ស្វែងរកឱកាសវិនិយោគរយៈពេលវែងក្នុងវិស័យទឹកស្អាតនៅកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសុក្រ, ទី06 ខែ មិថុនា ឆ្នាំ 2025

ភ្នំពេញ ថ្ងៃទី ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងក្រុមហ៊ុន Energy China ដើម្បីពិភាក្សាឱកាសពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលរួមមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ នៅទូទាំងប្រទេស។

ឯកឧត្តមបានលើកឡើងថា៖ “កម្ពុជាមានប្រតិបត្តិករទឹកស្អាតច្រើនដែលមានសមត្ថភាពបច្ចេកទេស និងធនធានផ្សេងៗគ្នា។ ស្ថានភាពនេះខុសប្លែកពីស្ថានភាពនៅប្រទេសផ្សេងទៀត ប៉ុន្តែវាក៏ជាឱកាសសម្រាប់ការវិនិយោគខ្នាតធំផងដែរ។ យើងស្វាគមន៍ដៃគូវិនិយោគនានា រួមទាំង Energy China ដែលអាចនាំមកទាំងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលតម្រូវការទឹកស្អាតនឹងបន្តកើនឡើងជាមួយកំណើននៃការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់យើង។"

Energy China គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលផ្តោតការវិនិយោគលើវិស័យថាមពល ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងពីរទស្សវត្សរ៍នៅកម្ពុជា និងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាត។

លោក Zhang Deliang អគ្គនាយករងក្រុមហ៊ុន China Energy International Group បានលើកឡើងថា៖ “យើងមានបំណងវិនិយោគរយៈពេលវែងនៅកម្ពុជា មិនត្រឹមតែជាក្រុមហ៊ុនម៉ៅការប៉ុណ្ណោះទេ។ យើងមានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាង ៧០ ទីតាំងនៅក្នុងប្រទេសចិន ជាមួយសមត្ថភាពផលិតជាង ៤,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងគម្រោងអន្តរជាតិសំខាន់ៗនានា ដូចជានៅប្រទេសប្រេស៊ីល និងអារ៉ាប់រួម។ ដូច្នេះ យើងជឿជាក់ខ្លាំងថា ជំនាញបច្ចេកទេស និងធនធានរបស់យើង អាចគាំទ្រគោលដៅអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់កម្ពុជា។"

ឯកឧត្តម ហែមណ្ណឌី បានបន្ថែមថា "ក្រសួងលើកទឹកចិត្តការអនុវត្តគំរូវិនិយោគដែលដៃគូ ដូចជា Energy China វិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញបំពង់មេចែកចាយទឹក ហើយប្រតិបត្តិករខ្នាតតូចអាចផ្តោតលើការលក់ទឹករាយ ក្រោមប្រព័ន្ធគ្រប់គ្រងគុណភាពទឹកស្អាតរួមមួយ

ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Energy China រៀបចំស្នើជាជម្រើសវិនិយោគផ្សេងៗ ដែលមានភាពបត់បែន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផង និងនិរន្តរភាពផង ពិសេសទាក់ទងនឹងប្រភពទឹក

ដោយ: Soleak_Super_admin

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព