កិច្ចសហការវិស័យ វ.ប.ន ជំរុញនវានុត្តន៍នៅប្រទេសកម្ពុជា ថៃ និងជប៉ុន

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី14 ខែ មករា ឆ្នាំ 2025

ភ្នំពេញ, កម្ពុជា - នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សិក្ខាសាលាបិទបញ្ចប់គម្រោងមូលនិធិតូយូតា (Toyota Foundation)បានបង្ហាញលទ្ធផលការងាររបស់អ្នកសម្របសម្រួលវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) លើការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ថៃ និងជប៉ុន។ សិក្ខាសាលាបិទបញ្ចប់គម្រោងនេះធ្វើឡើងនៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសំខាន់ៗជាង៤០រូប ដើម្បីចែករំលែកការរៀនសូត្រ និងការសម្របសម្រួលរួមគ្នាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅបណ្តុះគំនិតថ្មីៗ បង្កើនទំនាក់ទំនង និងជំរុញកិច្ចសហការនាពេលអនាគត។

ក្នុងសុន្ទរកថាបើកសិក្ខាសាលា នេះ ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងពីសារៈសំខាន់ និងតួនាទីនៃគម្រោងនេះ ក្នុងការតភ្ជាប់រវាងប្រទេស និងវិស័យផ្សេងៗគ្នាថា៖ "សិក្ខាសាលាបិទបញ្ចប់គម្រោងនេះតំណាងឱ្យជំហានសំខាន់មួយក្នុងការសម្របសម្រួលវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងកម្ពុជា ថៃ និងជប៉ុន។ តាមរយៈគម្រោងនេះ ប្រទេសទាំងនេះអាចបង្កើនការអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ច។”

គម្រោងនេះបានផ្តោតលើការអភិវឌ្ឍសមត្ថភាពអ្នកសម្របសម្រួលវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាអ្នក បង្កើតផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានបរិយាប័ន និងចីរភាព។ អ្នកសម្របសម្រួលទាំងនេះមានតួនាទីសំខាន់ក្នុងការបង្កើតទំនាក់ទំនងរវាងវិស័យសាធារណៈ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាសង្គម និងបច្ចេកទេសរួមគ្នា តាមរយៈការសម្របសម្រួលល្អ និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងពីតម្រូវការសម្រាប់អ្នកសម្របសម្រួលទាំងនេះ ដោយសម្គាល់ថា៖ "បច្ចុប្បន្ន ទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជននៅមានកម្រិត ហើយសហគមន៍ និងឧស្សាហកម្មជាច្រើនប្រឈមនឹងបញ្ហាក្នុងការស្វែងរកអ្នកវិទ្យាសាស្ត្រដែលមានសមត្ថភាព និងបច្ចេកវិទ្យាសមស្រប ដើម្បីដោះស្រាយបញ្ហា ដោយសារកង្វះអ្នកសម្របសម្រួលដែលទទួលការបណ្តុះបណ្តាលល្អ និងខ្វះប្រព័ន្ធបណ្តុះបណ្តាល។ ដូច្នេះ វាជាការចាំបាច់ក្នុងការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាល ដើម្បីបណ្តុះអ្នកសម្របសម្រួលដែលមានចំណេះដឹងវិជ្ជាជីវៈ និងជំនាញទំនាក់ទំនងឱ្យបានច្រើន ដែលអាចសម្របសម្រួលទំនាក់ទំនងវាងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់។"

លោកស្រី Yoshiko Miura តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ "ការសហការរវាងគម្រោង JICA និងគម្រោងមូលនិធិតូយូតាបង្ហាញសក្តានុពលនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងប្រព័ន្ធវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។ ដោយបញ្ចូលធនធាន និងចំណេះដឹងរបស់យើង យើងមានបំណងបង្កើតបណ្តាញរវាងរដ្ឋាភិបាល សាកលវិទ្យាល័យ វិស័យឯកជន និងសហគមន៍ក្នុងស្រុកដែលរឹងមាំមួយ។ ការសហការនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើតគំរូសេដ្ឋកិច្ចបៃតងដែលអាចប្រើប្រាស់បានទូទាំងតំបន់។"

សាស្រ្តាចារ្យ Eiji Nawata នាយកមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យក្យូតូ បានលើកឡើងថា គម្រោងនេះបានសម្រេច នូលទ្ធផលសំខាន់ៗជាច្រើន។ សមាជិកគម្រោងនៃប្រទេសទាំងបី បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលជាលើកដំបូង លើការសម្របសម្រួលវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍  ដើម្បីជួយបណ្តុះបណ្តាលអ្នកសម្របសម្រួលវ័យក្មេង នៅកន្លែងធ្វើការរបស់ពួកគេ។

លោកបានបន្ថែមថា៖ "លើសពីនេះ វគ្គបណ្តុះបណ្តាលមួយត្រូវបានបង្កើតឡើងរួមគ្នា តាមរយៈការសហការរៀនសូត្រ និងអនុវត្តរួមគ្នាជាលើកដំបូងរួមគ្នា ដែលអនុញ្ញាតឱ្យស្ថាប័ន និងសាកលវិទ្យាល័យជាច្រើន ចាប់ផ្តើមបណ្តុះបណ្តាលអ្នកសម្របសម្រួលវ័យក្មេងរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាពនៅកន្លែងធ្វើការ។"

សិក្ខាសាលាបិទបញ្ចប់គម្រោងមូលនិធិតូយូតានេះរួមមានបទបង្ហាញស្តីពីមូលដ្ឋាននៃការសម្របសម្រួលវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនេះជាការអនុវត្តជាក់ស្តែង និងបង្ហាញលទ្ធផលវិជ្ជមាននៃការខិតខំប្រឹងប្រែងរួមគ្នានេះ។ គម្រោងនេះក៏បានរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកាន់តែរឹងមាំនៅកម្ពុជា ដោយមានការសហការកាន់តែច្រើន និងការសម្របសម្រួលប្រសើរជាងមុនរវាងភាគីពាក់ព័ន្ធ។

ឯកឧត្តម ហ៊ុល សៀងហេង បានបង្ហាញពីទំនុកចិត្តចំពោះលទ្ធផលនៃគម្រោង និងភាពសកម្មរបស់បណ្តាញនេះ។ "ខ្ញុំមានទំនុកចិត្តថា ការពិភាក្សា និងការចែករំលែកនៅថ្ងៃនេះនឹងបង្កើតគំនិតថ្មីៗ បង្កើនទំនាក់ទំនងជ្រាលជ្រៅ និងបើកផ្លូវសម្រាប់ការខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រព័ន្ធនវានុវត្តន៍ជាតិនាពេលអនាគត។ យើងត្រូវបន្តធ្វើការរួមគ្នា ដើម្បីកាត់បន្ថយគម្លាតរវាងប្រទេសនិងវិស័យផ្សេងៗរបស់យើង ព្រមទាំងបង្កើតអនាគតដែលមាននវានុត្តន៍កាន់តែភ្លឺស្វាងសម្រាប់គ្រប់គ្នា។"

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព