គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយអង្គការមូលនិធិអាស៊ី និងវិទ្យាស្ថានបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស នៃសាកលវិទ្យាល័យស្ទែនហ្វដសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាពិភាក្សាស្តីពី «ការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស»។ សិក្ខាសាលាដែលបានរៀបចំឡើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍អមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ (COSTI-85) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងត្រូវបានរៀបចំឡើងនៅទីក្រុងសៀមរាបពីថ្ងៃទី៣-៧ ខែមិថុនា ឆ្នាំ២០២៤។
កិច្ចពិភាក្សាត្រូវបានដឹកនាំដោយ ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានអ្នកចូលរួមប្រមាណ ១៦០នាក់ មកពីរដ្ឋជាសមាជិកអាស៊ាន ព្រមទាំងប្រតិភូអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកវិទ្យាអាស៊ាន-អាមេរិក។
កិច្ចពិភាក្សាផ្តោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកំពុងរីកចម្រើន រួមទាំងបញ្ហាប្រឈម, ភាពចាំបាច់នៃឧបករណ៍ និងចំណេះដឹងផ្នែក AI, និងការបង្កើតគោលនយោបាយ និងយន្តការគ្រប់គ្រងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ ប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សារួមមានការធានាបាននូវការប្រើប្រាស់ AI ដោយយុត្តិធម៌ និងអាចទុកចិត្តបាន, និងយុទ្ធសាស្ត្រ ដើម្បីបង្កើនអត្ថប្រយោជន៍ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សម្រាប់ជាប្រយោជន៍ដល់គ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍