មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការវិវត្តដ៏សំខាន់របស់ស្ថាប័ននេះ ក្នុងបេសកកម្មគាំទ្រការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា។
អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីដ៏សំខាន់របស់មន្ទីរពិសោធន៍ជាតិ វ.ប.ន ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍, និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ។
ឯកឧត្តមបានលើកឡើងថា៖ “ជាមួយនឹងស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ដូចជា ISO/IEC 17025 និងការវាយតម្លៃទទួលស្គាល់ពីប្រទេសសិង្ហបុរី និងអូស្ត្រាលី មន្ទីរពិសោធន៍ជាតិ វ.ប.ន នឹងបន្តរួមចំណែកសម្រួលដល់ធុរកិច្ច និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបញ្ជូនការធ្វើតេស្តវិភាគផលិតផលទៅក្រៅប្រទេស ដែលនឹងកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព។”
មន្ទីរពិសោធន៍ជាតិ វ.ប.ន. មានបទពិសោធន៍ក្នុងការធ្វើតេស្តវិភាគជាង ៣០ឆ្នាំ មុនត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ កំណែទម្រង់នេះបានបង្កើនស្វ័យភាព ភាពបត់បែននៃប្រតិបត្តិការ និងសមត្ថភាពពង្រីកសេវាកម្មប្រកបដោយវិជ្ជាជីវៈ រួមទាំងផែនការពង្រីកសមត្ថភាពធ្វើតេស្តផលិតផលមេកានិច អគ្គិសនី អេឡិចត្រូនិកនៅក្នុងឆ្នាំ២០២៥។
លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ នាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ជាតិ វ.ប.ន. បានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ស្ថាប័ននេះ ដើម្បីបំពេញតម្រូវការវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់កម្ពុជា។ លោកស្រីបានលើកឡើងថា៖ “មន្ទីរពិសោធន៍នេះត្រូវបានបំពាក់ដោយសម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ព្រមទាំងមានក្រុមការងារជំនាញ។ យើងប្តេជ្ញាជំរុញនវានុវត្តន៍ លើកម្ពស់ស្តង់ដារគុណភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។”
ពិធីសម្ពោធនេះក៏មានកម្មវិធីទស្សនកិច្ចមន្ទីរពិសោធន៍ ដែលបើកឱ្យកាសជូនភាគីពាក់ព័ន្ធ រួមមានសហ
គ្រិន អ្នកផលិត និងអ្នកនាំចេញ បានពិនិត្យដោយផ្ទាល់នូវសមត្ថភាពខ្ពស់របស់មន្ទីរពិសោធន៍ជាតិ វ.ប.ន.។ បច្ចុប្បន្ន មន្ទីរពិសោធន៍ជាតិ វ.ប.ន ផ្តល់សេវាកម្មមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ គីមីចំណីអាហារ គីមីមិនមែនចំណីអាហារ និងមន្ទីរពិសោធន៍ទឹក ដើម្បីគាំទ្រធុរកិច្ចបំពេញតាមលក្ខខណ្ឌតម្រូវជាសកល និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀតរវាងមន្ទីរពិសោធន៍ជាតិ វ.ប.ន. និងមន្ទីរពិសោធន៍ផ្សេងៗ ដើម្បីបង្កើនការទទួលស្គាល់សេវាធ្វើតេស្តរបស់កម្ពុជាកាន់តែច្រើន ទាំងក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមបានបន្ថែមថា៖ “កិច្ចសហការទាំងនេះនឹងជួយធានាបាននូវស្តង់ដារគុណភាពខ្ពស់ ភាពស៊ីសង្វាក់គ្នា និងការប្រៀបធៀបលទ្ធផលកាន់តែប្រសើរ ក្នុងគោលដៅបង្កើនទំនុកចិត្តលើសមត្ថភាពធ្វើតេស្តរបស់កម្ពុជា។”
ដោយផ្តោតលើតម្លាភាព និងបរិវត្តកម្មឌីជីថល មន្ទីរពិសោធន៍ជាតិ វ.ប.ន. បានចាប់ផ្តើមដាក់ឱ្យដំណើរការគេហទំព័រថ្មី ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ការស្រាវជ្រាវ នវានុវត្តន៍ និងភាពងាយស្រួលក្នុងការទទួលសេវា។ គេហទំព័រថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ធ្វើទំនើបកម្មសេវាកម្មរបស់ខ្លួន និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ទំនើបកម្មមួយទៀតគឺការបញ្ចូលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើលទ្ធផលតេស្តវិភាគ ដែលងាយស្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។
មន្ទីរពិសោធន៍ជាតិ វ.ប.ន. មានបំណងប្រែក្លាយជាមន្ទីរពិសោធន៍ឈានមុខ ក្នុងការលើកកម្ពស់នវានុវត្តន៍ និងការធ្វើតេស្តវិភាគ សម្រាប់គាំទ្រដល់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនឧត្តមភាពប្រជែងឈ្នះ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍