“5S” Productivity Achievement Awards 2024 Honors Five Companies for 5S Application

News and Events Saturday, 28 December 2024

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ “ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥»  ឆ្នាំ២០២៤” ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ៥ ដែលបានអនុវត្តវិធីសាស្ត្រ ស៥ បានល្អប្រសើរ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ និងជំរុញចលនាបង្កើនផលិតភាពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។”

តាមរយៈកម្មវិធីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានបំណងពង្រឹងសមត្ថភាពគ្រប់គ្រងផលិតកម្មរបស់សហគ្រាសធុនតូច មធ្យម និងធំ ព្រមទាំងអាជីវកម្មសិប្បកម្មប្រពៃណី ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកឧស្សាហកម្មរបស់ប្រទេសជាតិ។

កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក ដោយជ្រើសរើសក្រុមហ៊ុនដែលឈានមុខគេក្នុងការអនុវត្តវិធីសាស្ត្រ ស៥៖ សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្អាត, ស្តង់ដារ, ស្ថិរភាព។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ការអនុវត្តវិធីសាស្ត្រ «ស៥» នាំមកនូវផលប្រយោជន៍ជាច្រើន ដូចជាការសន្សំសំចៃ ការកាត់បន្ថយថ្លៃដើម ការបំពេញតម្រូវការអតិថិជន ការផ្គត់ផ្គង់ទំនិញទាន់ពេលវេលា ការពង្រឹងគុណភាពផលិតផល ការបង្កើនបរិមាណផលិតកម្ម ការបង្កើនផលិតភាព និងជាចុងក្រោយ ការបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន-សហគ្រាស។”

ឯកឧត្តមបានកោតសរសើរ និងអបអរដល់ក្រុមហ៊ុន-សហគ្រាសដែលបានឈ្នះពានរង្វាន់ឆ្នាំ២០២៤ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សេងទៀត រួមទាំងស្ថាប័នរដ្ឋ ចូលរួមអនុវត្តវិធីសាស្ត្រនេះ ដើម្បីលើកម្ពស់ផលិត
ភាព និងប្រសិទ្ធិភាពការងារ។

សម្រាប់កម្មវិធីឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចំនួន ១៩ ត្រូវបានវាយតម្លៃចំពោះការអនុវត្តវិធីសាស្ត្រ «ស៥» លើទិដ្ឋភាព ៦ រួមមាន៖ ការរៀបចំនីតិវិធី និងឯកសារសម្រាប់អនុវត្ត «ស៥»​, ការអនុវត្ត «ស៥» នៅតំបន់ការិយាល័យ, តំបន់ផលិតកម្ម, តំបន់ស្តុក, តំបន់ទូទៅ ដូចជាសាលប្រជុំ និងបន្ទប់សម្រាករបស់បុគ្គលិក, និងតំបន់បរិវេណជុំវិញរោងចក្រ។

ក្រុមហ៊ុនទាំង ៥ ដែលបានឈ្នះពានរង្វាន់សមិទ្ធផលផលិតភាព«ស៥» ឆ្នាំ២០២៤ រួមមាន៖

១. ក្រុមហ៊ុន លី​​ លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី

២​. សិប្បកម្មផលិតទឹកត្រចៀកកាំ «ផ្ទះត្រចៀកកាំ»

៣. ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបប្លាយ

៤. អ៊ីឆេ ង៉ូវហេង ហ៊្វូដប្រដាក់សិន អូហ្វកំពត

៥. សហគ្រាស UNICA

By: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

Ministry of Industry, Science, Technology & Innovation

location_on 45 Preah Norodom Boulevard, Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh, 120203

© 2024 All rights reserved Ministry Of Industry, Science, Technology & Innovation

    • telegram
    • tiktok
    • instagram
    • chatbot
    Privacy policy