ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី ជាឥស្សរជនវ័យក្មេងដែលបានទទួលការបណ្តុះបណ្តាល និងបទពិសោធន៍ការងារកម្រិតខ្ពស់ ទាំងក្នុងវិស័យឯកជន ប្រព័ន្ធអង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍន៍ពហុភាគី និងជាពិសេសក្នុងវិស័យសាធារណៈ។ តាមរយៈស្នាដៃការងារដ៏គួរឱ្យកត់សម្គាល់ និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ ឯកឧត្តម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា។
មុនទទួលតំណែងជារដ្ឋមន្ត្រី ឯកឧត្តមជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវលើផ្នែកហិរញ្ញប្បទានអភិវឌ្ឍន៍ ការដឹកនាំសម្របសម្រួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ទាំងក្នុងកម្រិតយុទ្ធសាស្ត្រ និងប្រតិបត្តិការ) ការគ្រប់គ្រងបំណុលសាធារណៈ និងការគាំទ្ររបៀបវារៈគោលនយោបាយសំខាន់ៗ។ ឯកឧត្តម បានដឹកនាំសម្របសម្រួលយន្តការអន្តរក្រសួងជាច្រើន ដែលបានដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្មសំខាន់ៗរបស់កម្ពុជា។ បច្ចុប្បន្ន ឯកឧត្តមជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបានធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសសម្រាប់កម្មវិធីមូលនិធិសកលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជាអស់រយៈពេល៥ឆ្នាំ។
ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈពីសាលា Harvard Kennedy School of Government ក្នុងឆ្នាំ២០១៤ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យអន្តរជាតិជប៉ុន ក្នុងឆ្នាំ២០០២ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងឆ្នាំ១៩៩៩។ ឯកឧត្តម និងភរិយាមានកូនស្រីពីរនាក់។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍