ក្រសួងឧស្សាហកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំសិក្ខាសាលាដើម្បីលើកកម្ពសសមភាពយេនឌ័រ និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ

ក្រសួងឧស្សាហកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំសិក្ខាសាលាដើម្បីលើកកម្ពសសមភាពយេនឌ័រ និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ

នៅថ្ងៃទី ២៣ និង ២៤ ខែឧសភា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការរៀបចំសិក្ខាសាលាចំនួនពីរ ដែលសិក្ខាសាលាទី១ផ្តោតលើការបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងសិក្ខាសាលាទី២ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ ក្រោមគោលបំណងដោះស្រាយបញ្ហាដែលស្ត្រីកំពុងប្រឈមក្នុងតួនាទីជាអ្នកដឹកនាំ និងរៀបចំយុទ្ធសាស្រ្តបង្កើតបរិយាកាសការងារដែលកាន់តែមានបរិយាបន្ន និងសមភាព។

សិក្សាសាលាទាំងពីរនេះមានអ្នកចូលរួមសរុបប្រមាណ១២០នាក់ ទាំងបុរស និងស្ត្រី និងបានផ្តល់ជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ទាក់ទងនឹងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់អ្នកដឹកនាំជាស្ត្រីនៅក្នុងវិស័យផ្សេងៗ។

គោលបំណងគឺដើម្បីបង្កើនបរិយាបន្ន កាត់បន្ថយវិសមភាព និងធានាថាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍នានាត្រូវបានរៀបចំឡើង និងអនុវត្តតាមរបៀបដែលផ្តល់អត្ថប្រយោជន៍ដល់សមាជិកទាំងអស់ក្នុងសង្គម រួមទាំងស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះ។

ធនាគារអភិវឌ្ឍន៍អាស៊ី បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងដើម្បីពង្រឹងសមត្ថភាពបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ទៅក្នុងគោលនយោបាយ កម្មវិធី និងគម្រោងនានារបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។