ភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលីបន្តរីកចម្រើនទៅមុខកាន់តែរឹងមាំ

ភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលីបន្តរីកចម្រើនទៅមុខកាន់តែរឹងមាំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម Pablo Kang ភារធារីប្រចាំស្ថានទូតអូស្ត្រាលី និងបានពិភាក្សាអំពីការពង្រឹងភាពជាដៃគូ​ដែលមានស្រាប់ និងឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួង និងភាគីអូស្ត្រាលី។

ក្នុងជំនួបនោះ ឯកឧត្តមភារធារី Pablo Kang បានបញ្ជក់ការប្តេជ្ញាចិត្តរបស់អូស្ត្រាលី​ក្នុងការជំរុញ​កិច្ច​សហប្រតិបត្តិការជាមួយក្រសួង ដោយផ្តោតលើការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍​របស់កម្ពុជា ជាពិសេសតាមរយៈកម្មវិធី CAPRED ។

ឯកឧត្តម Pablo Kang បានលើកឡើងថា ភាពជាដៃគូរវាងអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានក្នុងច្រើនវិស័យ រាប់ទាំងវិស័យទឹកស្អាតរហូតដល់ហេដ្ឋារចនាសម្ព័ន្ធ​គុណ​ភាព​ជាតិ។ លើសពីនេះ អូស្ត្រាលីបានផ្តល់ជំនួយបច្ចេកទេស និងត្រៀមថវិកាប្រមាណ១០លានដុល្លារ​អូស្ត្រាលី ដើម្បីគាំទ្រដល់ការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក និងកែលម្អការអនុវត្ត​ការ​គ្រប់គ្រងទឹក និងដោះ​ស្រាយ​ផលប៉ះ​ពាល់​នៃការប្រែប្រួលអាកាសធាតុ ពិសេសលើប្រភពទឹក។

ឯកឧត្តមភារធារីបានលើកឡើងថា អូស្ត្រាលីក៏ប្តេជ្ញាគាំទ្រការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា ជាពិសេសសមត្ថភាពធ្វើតេស្តផលិតផលកសិ-ចំណីអាហារ ដើម្បីធានាសុវត្ថិភាព និង​គុណ​ភាពចំណី​អាហារ។ អូស្ត្រាលីមានបណងរួមចំណែកដល់ការបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ផលិតផលចំណីអាហារនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងថវិកាប្រមាណ១,៨លានដុល្លារអូស្ត្រាលី

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរនាពេលកន្លងមកឯកឧត្តម​បាន​ជម្រាបជូន​អំពី​របៀបវារៈជាអាទិភាព​របស់​រដ្ឋាភិបាលអាណត្តិទី៧ រួម​ទាំង​ការ​ដាក់​ចេញ​នូវ ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តីពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយសង្កត់ធ្ងន់លើការបន្តកិច្ចសហការជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតប្រព័ន្ធចុះឈ្មោះដ៏រឹងមាំមួយ ធ្វើសាមញ្ញកម្មដំណើរការចុះឈ្មោះ និងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់ការចូលក្នុងប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកទស្សនៈវិស័យក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដោយតស៊ូមតិឱ្យមានកំណែទម្រង់សំខាន់ៗ ដូចជាការគ្រប់គ្រងអាជ្ញាប័ណ្ណ និងភាពចាំបាច់នៃការរួមបញ្ជូលគ្នា ក្នុង​ចំណោមប្រតិបត្តិករទឹកស្អាតឯកជនតូចៗ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងសេវា​ផ្គត់ផ្គង់ទឹកស្អាត។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកំណែទម្រង់ផ្ទាល់របស់ក្រសួង រួមទាំងកំណែទម្រង់​មន្ទីរ​ពិសោធន៍ជាតិ ដើម្បីពង្រឹងសមត្ថភាពធ្វើតេស្តក្នុងស្រុក ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការ ធ្វើតេស្តនៅក្រៅប្រទេស និងថាកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដូចជាអូស្ត្រាលី គឺជាកត្តា​សំខាន់​ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន និងកំពុងប្រើប្រាស់ភាពជាដៃគូជាមួយ ស្ថាប័ននានា ដូចជាសហគ្រិនខ្មែរ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពថ្ពក់ចូលក្នុង​ខ្សែច្រវាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មធំៗ។ ក្រសួងក៏កំពុងគិតគូរ និងស្វែងរកការចូលរួមរៀបចំអភិវឌ្ឍន៍​តំបន់ប្រមូលផ្តុំ​ ផ្តោតលើសហ​គ្រាសធុនតូច និងមធ្យមក្នុងស្រុកនៃវិស័យកម្មន្តសាល ដើម្បីគាំទ្រពួកគេឱ្យមានលទ្ធភាពចូលរួមជាមួយ​ឧស្សាហកម្មធំៗ និងបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់កម្ពុជា។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ និង​ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។