កម្ពុជាជំរុញការគាំទ្រ “វិទ្យាសាស្ត្រដែលបើកទូលាយ” ក្នុងសន្និសីទរដ្ឋមន្ត្រី OECD

កម្ពុជាជំរុញការគាំទ្រ “វិទ្យាសាស្ត្រដែលបើកទូលាយ” ក្នុងសន្និសីទរដ្ឋមន្ត្រី OECD

នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) កាល​​ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស កម្ពុជាបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ វិទ្យាសាស្ត្រ​​ដែលបើកទូលាយ (Open Science)”  និងត្រៀមខ្លួនចូលរួមជាមួយ​សហគមន៍​​អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសាកលសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ និង​វិបត្តិ​​សុខភាព​សាធារណៈជាដើម។

ក្នុងបទអន្តរាគមន៍សម្រាប់អង្គសន្និសីទនៃមេដឹកនាំ និងអ្នករៀបចំគោលនយោបាយផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើសក្តានុពលបរិវត្តកម្មនៃវិទ្យាសាស្ត្រដែលបើកទូលាយ ដែលជាកាតាលីករ​ជំរុញ​​វឌ្ឍនភាព និងអាចជួយ​ឱ្យ​ប្រទេស​នានា​​ ដោះស្រាយ​បញ្ហា​ស្មុគស្មាញបានកាន់តែ​មាន​ប្រសិទ្ធភាព។

វិទ្យាសាស្ត្រដែលបើកទូលាយរួមបញ្ចូលការចែករំលែកដោយទូលំទូលាយនូវការស្រាវជ្រាវផ្នែកវិទ្យា​សាស្ត្រ ទិន្នន័យ និងរបកគំហើញនានា ជាមួយសាធារណៈជន ដែលជំរុញឱ្យមានតម្លាភាព កិច្ច​សហប្រ​តិបត្តិការ និងភាព​ងាយ​ស្រួលក្នុងការប្រើប្រាស់ធនធានទាំងនោះ នៅក្នុងចំណោមសហគមន៍​វិទ្យា​សាស្ត្រ។ សារៈសំខាន់​នៃវិទ្យាសាស្ត្រដែលបើកទូលាយរួមមានទាំងការពន្លឿននវានុវត្តន៍ ការដោះ​ស្រាយ​បញ្ហាសាកល ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច ការជំរុញការអប់រំនិងអក្ខរកម្ម ការបង្កើនទំនុកចិត្ត និងការចូលរួមរបស់សាធារណៈ​ជន ព្រមទាំងការពង្រីកអត្ថប្រយោជន៍នៃការស្រាវជ្រាវជាដើម។

ថ្លែងទៅកាន់អង្គ​សន្និសីទ​ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមទាំងអ្នកវិទ្យាសាស្ត្រ អ្នករៀបចំ​គោលនយោបាយ អ្នកអប់រំ និងប្រជាពលរដ្ឋឱ្យចូលរួមសហការគ្នាក្នុងការជំរុញគំនិត​ផ្តួច​ផ្តើម​​វិទ្យា​សាស្ត្រ​ដែលបើកទូលាយនេះ។

ឯកឧត្តមបានលើកឡើងថា៖"សូមឱ្យយើងធ្វើការរួមគ្នាដើម្បីបង្កើតអនាគត​មួយ​ដែលវិទ្យាសាស្ត្រ​បម្រើជាប្រយោជន៍​សាធារណៈ ដែលអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា និង​ជាកម្លាំងជំរុញ​សម្រាប់​ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសាកល"។

ឯកឧត្តមបានជម្រាបជូនពីរបៀបវារៈនៃបរិវត្តកម្មបច្ចេកវិទ្យារបស់កម្ពុជា ដោយសង្កត់ធ្ងន់លើដំណើរនៃ ការបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមទាំង​ផែនទី​បង្ហាញផ្លូវបច្ចេកវិទ្យាតាមវិស័យ រាប់ទាំងពីផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ រហូតដល់ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាបៃតង ដើម្បីចាប់យកសក្តានុពលនៃវិស័យនីមួយៗ។

ឯកឧត្តមក៏បានចែករំលែកទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលមានមូលដ្ឋាននៅក្នុងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ រួមជាមួយនឹងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបច្ចប្បន្ន ​ដូចជាការរៀបចំអនុក្រឹត្យ​ស្តីពី​ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ( R&D) និងសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ក្នុងគោលដៅបង្កើតបរិយាកាសអំណោយផលសម្រាប់នវានុវត្តន៍ និងវឌ្ឍនភាពសង្គម។