កម្ពុជា និងជប៉ុន នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរ ដោយផ្តោតលើទីផ្សារពិសេស (Niche Market)

កម្ពុជា និងជប៉ុន នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរ ដោយផ្តោតលើទីផ្សារពិសេស (Niche Market)

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូធុរកិច្ចជប៉ុន ដឹកនាំដោយលោក Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន-កម្ពុជា (JCA) ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការសក្តានុពល​រវាងសហគ្រាស​ធុន​តូចនិង​មធ្យម​នៃ​ប្រទេស​ទាំងពីរ។

លោក Takahashi បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់​សមាគម​ជប៉ុន-កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់​ទំនង​ធុរកិច្ច​រវាងប្រទេសជប៉ុន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅមួយកម្រិតទៀត។ ជាមួយនឹងការបើកដំណើរការការិយាល័យ​សមាគមនាពេលថ្មីៗនេះ លោកបានសង្កត់ធ្ងន់លើសក្តានុពលក្នុងការសម្របសម្រួល​ទំនាក់​ទំនងដោយផ្ទាល់ និងកិច្ចសហការរវាងសហគ្រិនជប៉ុន និងកម្ពុជា ដោយបន្ស៊ីដំណើរការការងារ ជាជាងពឹងផ្អែកតែលើទំនាក់ទំនងការទូត។

​សមាគម​ជប៉ុន-កម្ពុជា បានបើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ការវិវត្តជាវិជ្ជមាននេះត្រូវបានរំពឹងថា នឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែស្អិតរមួតរវាង​សហគ្រាសធុនតូចនិងមធ្យមជប៉ុន ជាមួយ​និងសមភាគីកម្ពុជារបស់ពួកគេ ដើម្បីជំរុញកំណើនរួម និង   ផលិតមុខទំនិញពិសេស (niche market) សម្រាប់បម្រើទីផ្សារទាំងនៅក្នុងតំបន់អាស៊ាន និងទីផ្សារអន្តរជាតិ។

 

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា វត្តមានផ្ទាល់របស់សមាគមនៅក្នុងប្រទេស មានសារៈ​សំខាន់ ហើយកម្ពុជានឹងប្រើប្រាស់ការិយាល័យ​របស់សមាគមជាប្រយោជន៍ ក្នុងការរៀនសូត្រអំពីនវានុវត្តន៍​របស់​ជប៉ុន និង​ស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើទាំងទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ។ ឯកឧត្តមបាន​សង្កត់ធ្ងន់លើសក្តានុពលថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូចនិងមធ្យមរបស់ កម្ពុជា និងការ​ប្តេជ្ញា​ចិត្តរបស់ក្រសួងក្នុងការកែលម្អសេវាសាធារណៈ ជាពិសេសហេដ្ឋារចនា​សម្ព័ន្ធគុណ​ភាពជាតិ ដើម្បី​គាំទ្រដល់ធុរកិច្ចជនឱ្យបានកាន់តែប្រសើរ។

ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសក្តានុពល ដូចជាការកែច្នៃកសិផល បច្ចេកវិទ្យាបៃតង និងគ្រឿងអេឡិចត្រូនិក ឯកឧត្តមបានលើកឡើងថា កម្ពុជា​ចង់ទាក់ទាញការវិនិយោគ​ពីជប៉ុន ជាពិសេសលើ​វិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ដល់កសិផលក្នុងស្រុក និងបង្កើនផលិតភាព។

 

លោក Kazunori KATO នាយកប្រតិបត្តិ និងជាអគ្គលេខាធិការរបស់​សមាគម​ជប៉ុន-កម្ពុជា បានជម្រាបជូនពីយុទ្ធសាស្ត្របឋមចំនួនពីររបស់សមាគម ដែលផ្តោតលើការសហការផលិតមុខទំនិញជាមួយ​សហគ្រាស​ធុនតូចនិងមធ្យមកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់​កម្លាំងពលកម្មកម្ពុជា។ លោក​បាន​បង្ហាញចំណាប់​អារម្មណ៍​វិជ្ជមាន​​ពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិ​ភូធុរ​កិច្ចជប៉ុន​នៅ​កម្ពុជាកាលពីពេលថ្មីៗនេះ។

បន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសកម្ពុជា សមាគម សហព័ន្ធធុរកិច្ច និងសភាពាណិជ្ជកម្ម  ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យសមាគមសហការជាមួយ សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជរដ្ឋា​ភិបាល ក្នុងការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ភាពជាដៃគូនេះនឹងអាចប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់សហគ្រិនខ្មែរដែលបានផ្តល់ការ​បណ្តុះ​​បណ្តាល​​បច្ចេកទេស និងការគាំទ្រហិរញ្ញវត្ថុ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាស​ធុនតូចនិងមធ្យមជប៉ុន និងសហគ្រាសកម្ពុជា។