កម្ពុជា​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការសន្និសីទស្តីពីវិធានការកសាងអន្តរកម្ម និងទំនុកចិត្តនៅអាស៊ី

កម្ពុជា​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការសន្និសីទស្តីពីវិធានការកសាងអន្តរកម្ម និងទំនុកចិត្តនៅអាស៊ី

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសន្និសីទស្តីពីវិធានការកសាងអន្តរកម្ម និងទំនុកចិត្តនៅអាស៊ី (CICA) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Kairat Sarybay អគ្គលេខាធិការនៃ CICA នៅទីស្តីការក្រសួង។ 

ឯកឧត្តម ហេង សុខគង់ បានជម្រាបជូនគណៈប្រតិភូអំពីអាណត្តកិច្ចរបស់ក្រសួង កំណែទម្រង់សំខាន់ៗដែលបានដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ព្រមទាំងការរួមចំណែកដ៏សំខាន់នៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមដល់កំណើនសេដ្ឋកិច្ចជាតិ។ 

ឯកឧត្តម Sarybay បានលើកឡើងពីសវតារ និងតួនាទីភារកិច្ចរបស់ CICA ព្រមទាំងជម្រាបជូនអំពីវេទិកាមួយចំនួនដែលកម្ពុជាអាចចូលរួមបានដូចជា សន្និសីរួមរបស់ CICA ស្តីពីឧស្សាហកម្មបៃតង និងសហគ្រាសធុនតូចនិងមធ្យម, វេទិកាផ្គូផ្គងធុរកិច្ច (B2B) សម្រាប់សហគ្រាសធុនតូច និងមធ្យម, និងក្រុមប្រឹក្សាយុវជនវិស័យសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ ក្នុងនាមជារដ្ឋសមាជិក កម្ពុជាអាចចូលរួមក្នុងវេទិកាទាំងនេះដើម្បីពង្រីកទីផ្សារផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសជាសមាជិកទាំង២៧។ 

ឯកឧត្តម ហេង សុខគង់ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងត្រៀមខ្លួនសហការជាមួយ CICA លើគំនិតផ្តួចផ្តើមនានា ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។