ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជាពិភាក្សាអំពីការពង្រឹងប្រព័ន្ធវាយតម្លៃទទួលស្គាល់ជាតិ

ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជាពិភាក្សាអំពីការពង្រឹងប្រព័ន្ធវាយតម្លៃទទួលស្គាល់ជាតិ

ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានបើកកិច្ចប្រជុំលើកទី៥របស់ខ្លួន នៅថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាននៃក្រុមប្រឹក្សាជាតិនេះ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើតម្រូវការ​យន្តការដ៏ស្អិតរមួត និងរឹងមាំមួយ ដើម្បីអភិវឌ្ឍប្រព័ន្ធវាយតម្លៃទទួលស្គាល់ជាតិ។ ឯកឧត្តមបានលើកឡើងអំពីការងារជាយុទ្ធសាស្ត្រដែលត្រូវអនុវត្តនាពេលខាងមុខ និងជំរុញឱ្យសមាជិកនៃក្រុមប្រឹក្សាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដឹកនាំក្រុមប្រឹក្សាឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត

កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការជំរុញការងារវាយតម្លៃ​ទទួលស្គាល់ ដោយបង្ហាញភាពជាដៃគូរបស់កម្ពុជាជាមួយស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិ ដូចជា IHAF, APAC, ILAC និង IAF ។ កិច្ចប្រជុំក៏បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការវាយតម្លៃទទួលស្គាល់ និងដោះស្រាយបញ្ហាប្រឈមនានា ដូចជា​កង្វះធនធាន និងការយល់ដឹងមានកម្រិត។

ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា ដែលមានសមាជិកតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវបានបង្កើតឡើងដើម្បីពង្រឹងគុណភាព និងស្តង់ដារនៃស្ថាប័នវាយតម្លៃ​​អនុលោមភាព និងមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា ឱ្យស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ