ឯកឧត្តម ហែម វណ្ណឌី ប្រកាសកែសម្រួលប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈចំនួន៦

ឯកឧត្តម ហែម វណ្ណឌី ប្រកាសកែសម្រួលប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈចំនួន៦

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាភិបាល​សហគ្រាស​សាធារណៈចំនួន៦គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹក​បាត់​ដំបង រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកកំពត និងរដ្ឋាករទឹកក្រុងស្ទឹងសែន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការកែសម្រួលសមាសភាពលើកនេះ គឺយោងទៅលើភាពចាំបាច់ក្នុង​ការ​កែ​តម្រូវស្ថានភាពរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាពង្រឹងយន្តការប្រតិតុល្យការ និងភាពជា​តំណាងរបស់​ប្រធាន។ ឯកឧត្តមបានបន្ថែមថា ទឹកគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំនៃយុទ្ធ​សាស្ត្របញ្ច​កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ហើយការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតត្រូវឈរលើលក្ខខណ្ឌគោលចំនួន៤គឺ ទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់ផ្នែកសេដ្ឋកិច្ចរបស់ទឹកស្អាត ដោយសង្កត់ធ្ងន់លើតួនាទី​ទឹកស្អាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនានា ពិសេសតំបន់សហគ្រាស​ ធុនតូច និងមធ្យម, តំបន់ប្រមូលផ្តុំឧស្សាហកម្ម, និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីគាំទ្រ​កំណើន​​សេដ្ឋ​កិច្ច​បន្ថែមទៀត។

ឯកឧត្តមបានផ្តល់អនុសាសន៍ដល់រដ្ឋាករទឹកទាំងអស់ឱ្យយកចិត្តទុកដាក់លើគណនេយ្យ​ភាព ដោយ​ផ្តល់បច្ចុប្បន្នភាពលទ្ធផលឱ្យបានទៀតទាត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវនីតិវិធីប្រតិបត្តិស្តង់ដារ។ ឯកឧត្តម​បាន​​លើក​ទឹកចិត្តឱ្យរដ្ឋាករទឹកទាំងអស់ខិតខំពង្រឹងធនធានមនុស្ស ប្រសិទ្ធភាពប្រតិបត្តិការ និងនិរន្តរភាព​សហគ្រាស​​របស់ខ្លួន ដោយផ្តោតលើការបង្កើតផែនការមេ គម្រោងវិនិយោគ និងការ​លើក​កម្ពស់ការលក់​ទឹក​ដុំនៅក្នុងតំបន់ដែលមិនទាន់ទទួលសេវា។

ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​ថ្មី​នៃ​ក្រុមប្រឹក្សាភិបាល​រដ្ឋាករទឹក​ស្វយ័​តក្រុងភ្នំពេញ តំណាងប្រធានក្រុមប្រឹក្សាភិបាល​នៃ​រដ្ឋាករ​​​ទឹកទាំងអស់ បាន​ធ្វើ​ការប្តេជ្ញាលើក​កម្ពស់​អភិបាលកិច្ច និងធ្វើឱ្យមានការរីកចម្រើនជាដុំកំភួនក្នុងវិស័យ​ទឹក​ស្អាត។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ កំពុងសិក្សាលទ្ធភាពរៀបចំរដ្ឋាករ​ទឹកស្វយ័ត​កម្ពុជា និងនិយ័តករទឹកស្អាត ដើម្បីពង្រឹងតួនាទីយុទ្ធ​សាស្ត្រ​របស់រដ្ឋក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបទ​ប្បញ្ញត្តិ​វិស័យនេះ។ សមាគមអ្នកផ្គត់ផ្គង់ទឹក​កម្ពុជា តំណាងវិស័យឯកជន ក៏​ត្រូវ​បានជំរុញឱ្យពង្រឹង​សមត្ថ​ភាពរបស់ខ្លួន ដោយស្វែងរកការគាំទ្របច្ចេកទេស និងកិច្ចសហការពីរដ្ឋាករទឹកផងដែរ។

តាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតសរុប ទាំងដោយរដ្ឋាករទឹក និងប្រតិបត្តិករឯកជន ​បាន​កើនដល់ជាង ៥០លានម៉ែត្រគូប​ក្នុងខែ​ឧសភា ឆ្នាំ២០២៤។ ចំនួនតំណបានកើនឡើងដល់ ១.៣៦៣.០៣២ ដែល​បម្រើ​ប្រជាពលរដ្ឋចំនួន ២.៨៥៥.៥៦៥ គ្រួសារ ហើយប្រវែងនៃបណ្តាញចែកចាយ​ទឹកស្អាតសរុប​បានកើនឡើងដល់ ៣២.៨៩២ គីឡូម៉ែត្រនៅទូទាំងប្រទេស។