ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូក្រសួង និងអាជ្ញាធរដែនដីខេត្តកំពត ចុះទស្សនកិច្ចនៅក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូក្រសួង និងអាជ្ញាធរដែនដីខេត្តកំពត ចុះទស្សនកិច្ចនៅក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូក្រសួង និងអាជ្ញាធរដែនដីខេត្តកំពត ចុះទស្សនកិច្ចនៅក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង ដែលមានរោងចក្រផលិតស៊ីម៉ងត៍ (Cambodia Cement Chakrey Ting Factory Co., Ltd.), រោងចក្រផលិតសំបកបាវ: (Cambodian Packaging Chakrey Ting Factory Co., Ltd.), រោងចក្របេតុងលាយស្រេច (Cambodia Concrete Chakrey Ting Co., LTD.), និងរោងចក្រផលិតស្មាប៊ត: Cambodia Decorative Building Materials Chakrey Ting Co., LTD. មានទីតាំងនៅភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។ គោលបំណងនៃការចុះទស្សនកិច្ចនេះ គឺដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមនានាដែលស្នើឡើងដោយក្រុមហ៊ុន និងដើម្បីជំរុញលើកទឹកចិត្ត ដល់ការវិនិយោគបន្ថែមទៀតក្នុងវិស័យនេះ នាពេលអនាគត។

ក្នុងកិច្ចសំណេះសំណាលនាពេលនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅព្រះរាជាណាចក្រកម្ពុជា ដំបូងគេ ចាប់តាំងពីឆ្នាំ១៩៦១ ក្នុងសម័យសង្គមរាស្រ្តនិយម ហើយបាននិងកំពុងបន្តសកម្មភាពផលិតកម្មរបស់ខ្លួន បន្ទាប់ពីមានការសហការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិនដោយការចុះកិច្ចព្រមព្រៀងទ្វេរភាគី វិនិយោគលើការកសាងឡើងវិញនៅឆ្នាំ២០១២ ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមតម្រូវការ រួមមាន ស៊ីម៉ងត៍ សំបកបាវ បេតុង និងស្មាប៊ត ក្នុងន័យនេះ ក្រុមហ៊ុនបានរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក, និងជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម ក៏ដូចជាជួយរុញច្រាញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងចូលរួមសកម្មភាពផ្នែកពង្រឹងសុខមាលភាព សុខភាព និងបរិស្ថានសង្គមជាច្រើន។ ជាក់ស្តែង ក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់នូវវត្ថុធាតុដើមដ៏សំខាន់សម្រាប់សំណង់នៅកម្ពុជា ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំនប់នឹង និងអគារ ទទឹមនឹងការចូលរួមចំណែកលើកកម្ពស់ការបង្កើតការងារ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងមូលដ្ឋានផងដែល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានប្តេជ្ញានឹងបន្តការសម្របសម្រួលផ្នែកលិខិតបទដ្ឋានពាក់ព័ន្ធ និងលើកទឹកចិត្តដល់ការពង្រីកការវិនិយោគបង្កើតសួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស និងបានណែនាំអោយក្រុមហ៊ុនត្រូវរៀបចំខ្លួនពង្រឹងការប្រកួតប្រជែងផ្នែកគុណភាពនិងតម្លៃ, ពង្រីកទីផ្សារ, កាត់បន្ថយហានិភ័យ និងស្វែងរកដោះស្រាយសម្រាប់ការប្រឈមកង្វះវត្ថុធាតុដើមដែលនឹងត្រូវអស់នាពេលខាងមុខដ៏ឆាប់, បង្កើនការធ្វើពិពិធកម្មថាមពល តាមរយៈការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងធានាឱ្យមានលក្ខខណ្ឌការងារសមស្របដល់កម្មករ-និយោជិកក្នុងស្រុក ព្រមទាំងបន្តពង្រីកការចូលរួមចំណែកក្នុងការទទួលខុសត្រូវផ្នែកសង្គម និងបរិស្ថានល្អប្រសើរ។

ដំណើរទស្សនៈកិច្ចនេះ ត្រូវបានបញ្ចប់ទៅនៅវេលាថ្ងៃខែឆ្នាំដដែល ដោយទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

រូបភាពច្រើនទៀត