កិច្ចសហប្រតិបត្តិការអន្តរស្ថាប័នបានដោះស្រាយវិបត្តិទឹកនៅស្រុកមោងឫស្សី

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័នបានដោះស្រាយវិបត្តិទឹកនៅស្រុកមោងឫស្សី

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង រួមទាំងរដ្ឋបាលស្រុក និងប្រតិ​បត្តិករទឹក​ស្អាត​ឯកជន បានសហការដោះស្រាយបញ្ហា​ខ្វះទឹកស្អាតប្រើប្រាស់នៅក្នុងឃុំគារ ស្រុកមោងឫស្សី ដែលបាន​ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារ។

មន្ត្រីនៃមន្ទីរទាំងពីរបានចុះពិនិត្យស្ថានភាពទឹកនៅក្នុងមូលដ្ឋាននេះ កាលពីដើមខែ​មីនា ឆ្នាំ២០២៤ ព្រមទាំងបានសហការជាមួយរដ្ឋបាលស្រុក និងប្រតិបត្តិករ​ទឹកស្អាត​ក្នុងមូលដ្ឋាន ដើម្បី​ស្វែងរកដំណោះ​ស្រាយ​ជូនប្រជាពលរដ្ឋ។

ក្រុមចម្រុះនេះបានចុះពិនិត្យ​​ប្រភពទឹកក្នុងស្ទឹងដូនទ្រីដែលបានរីងស្ងួត។ ដោយពិនិត្យឃើញភាពបន្ទាន់នៃស្ថានភាពនេះ ក្រុមការងារបានស្នើសុំបើកទឹក​​ពីទំនប់ពហុបំណងសេកសកនៃស្ទឹងសង្កែ និងបានចុះពិនិត្យប្រឡាយនាំ​ទឹក​ពីទំនប់ពហុបំណងសេកសក​ដល់ស្ទឹងដូនទ្រី ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ

តាមរយៈភាពជាដៃគូរវាងមន្ទីរទាំងពីរ អាជ្ញាធរដែនដី និងវិស័យឯកជន បញ្ហាខ្វះទឹកនេះត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន ទំនប់ពហុបំណងសេកសកបានផ្តល់ទឹកតាមប្រឡាយចូលមកស្ទឹង​ដូនទ្រី ដែល​ជា​​ប្រភព​ទឹក​ចាំបាច់សម្រាប់ឱ្យស្ថានីយ៍ទឹកស្អាតរបស់លោក នួន ផាន់ណារ៉ា ផលិតទឹក​ស្អាត​ជូនប្រជាពល​រដ្ឋ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើង​ថា៖ “នេះគឺជាគំរូដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ​ក្នុងការដោះស្រាយតម្រូវ​ការបន្ទាន់​របស់​សហគមន៍ និងបង្កើនភាពធន់ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុដែលបាន​ដាក់សម្ពាធលើប្រភព​ទឹករបស់យើង។