រដ្ឋមន្ត្រី ហែម វណ្ណឌី ប្រាប់ជ័យលាភីអាហារូបករណ៍អូស្ត្រាលី៖ មិនថាប្អូនៗនៅទីណា សូមជ្រើសរើសកម្ពុជា

រដ្ឋមន្ត្រី ហែម វណ្ណឌី ប្រាប់ជ័យលាភីអាហារូបករណ៍អូស្ត្រាលី៖ មិនថាប្អូនៗនៅទីណា សូមជ្រើសរើសកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល​ជាមួយនិស្សិត​អាហារូបករណ៍អូស្ត្រាលី និងអបអរសាទរជ័យលាភីទាំងអស់ដែលបានទទួលអាហារូបករណ៍ទៅ​បន្តការសិក្សា​ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្ត្រាលី។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍ​មូលធន​មនុស្ស និងពង្រឹងកោសិកាសង្គមឱ្យរឹងមាំ។ ឯកឧត្តមបានលើកទឹកចិត្តនិស្សិត​អាហារូបករណ៍​អូស្ត្រាលី ឱ្យផ្តោតមិនត្រឹមតែលើការទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ​ពង្រឹងភាពជាអ្នកដឹកនាំផងដែរ។

ឯកឧត្តមបានលើកឡើងថា៖ "តួនាទីរបស់ប្អូនៗមិនត្រឹមតែរៀនឱ្យបានពិន្ទុល្អប៉ុណ្ណោះទេ។ ប្អូនៗក៏ជា​តំណាងកម្ពុជាដែរ"។ ឯកឧត្តមបានលើកទឹកចិត្តឱ្យពួកគេខិតខំសិក្សារៀនសូត្រ ពង្រឹងជំនាញ និងកសាង​ទំនាក់ទំនងល្អក្នុងអំឡុងពេលសិក្សានៅប្រទេសអូស្ត្រាលី និងបាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃតួនាទីជា​ទូត​​សុច្ឆន្ទៈ ដើម្បី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ដោយ​បង្ហាញ​ឥរិយាបថ និងអាកប្បកិរិយាវិជ្ជមាន។

ឯកឧត្តមក៏បានជម្រាបជូនពីអាទិភាពការងាររបស់ក្រសួង និងបានគូសរំលេចពីសារៈសំខាន់នៃភាពជាដៃគូ​របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការអភិវឌ្ឍកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ប្រាប់ក្រុមនិស្សិតថា៖ "បន្ទាប់ពីបញ្ចប់ការសិក្សា មិនថាប្អូនៗនៅទីណាទេ សូម​ជ្រើសរើសកម្ពុជា, ស្រឡាញ់កម្ពុជា, ហើយធ្វើការងារអ្វីៗដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិយើង មិនថាក្នុងវិស័យសាធារណៈ វិស័យឯកជន ឬការប្រកបមុខរបរផ្ទាល់ខ្លួននោះទេ"។ 

រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែងហើយ ដល់និស្សិតកម្ពុជា។ ក្នុងឆ្នាំ​២០២៣​នេះ និស្សិតកម្ពុជាចំនួន៤៥នាក់ បានទទួលអាហារូបករណ៍អូស្ត្រាលី។