ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន លើកទី១ និងកម្មវិធីប្រកាសជាផ្លូវការរបាយការណ៍ស្តីពីស្ថានភាព ទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន លើកទី១ និងកម្មវិធីប្រកាសជាផ្លូវការរបាយការណ៍ស្តីពីស្ថានភាព ទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន
លើកទី១ និងកម្មវិធីប្រកាសជាផ្លូវការរបាយការណ៍ស្តីពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា
...............................
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយដៃគូជាតិ និងអន្តរជាតិបានបង្ហាញអំពីជំហានវិវត្តន៍នៃការជំរុញគាំទ្រដល់ការរៀបចំ យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នសម្រាប់កម្ពុជា (Inclusive Business Enabling Environment for Cambodia - IBeeC)ដែលត្រៀមនឹងស្នើសុំការឯកភាពពីរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗ
ខាងមុខ តាមរយៈការរៀបចំនូវកម្មវិធីតាមប្រព័ន្ធអនឡាញ ស្តីអំពី កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន
លើកទី១ និងកម្មវិធីប្រកាសជាផ្លូវការរបាយការណ៍ស្តីពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីអន្តរក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន វិនិយោគិន អ្នកសម្របសម្រួលនិងជំរុញធុរកិច្ច ពិសេសលេខាធិការដ្ឋានអាស៊ាន ក្នុងគណៈកម្មធិការសម្របសម្រួលអាស៊ាន ដើម្បីអភិវឌ្ឍសហគ្រាសមីក្រូ ធុនតូចនិងមធ្យម (ACCMSME)។
 
នៅក្នុងសុន្ទរកថាបើក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “អាជីវកម្មបរិយាប័ន្ន (Inclusive Business – IB) គឺជាបណ្តាញអាជីវកម្មប្រកបដោយលក្ខណៈពិសេស ដែលឈរលើគោលការណ៍បែបពាណិជ្ជកម្ម ហើយពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ (ឬនវានុវត្តន៍)និងមានប្រាក់ចំណូលគួរឱ្យកត់សម្គាល់។ អាជីវកម្មបរិយាប័ន្ន រួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវដំណោះស្រាយលើការផ្តល់ចំណូល និងលើកកម្ពស់ជីវភាពរបស់បណ្តាប្រជាជនក្រីក្រ និងចំណូលទាប ជាលក្ខណៈប្រព័ន្ធ និងមានចីរភាព។ មូលហេតុនេះហើយ ដែលយើងចាំបាច់ត្រូវការជំរុញលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនប្រភេទអាជីវកម្មបរិយាប័ន្ន ក្នុងដំណើររួមចំណែកសម្រេចបាននូវទស្សនៈរដ្ឋាភិបាលវិស័យប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០” ។
គំនិតក្នុងការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា (យុទ្ធសាស្ត្រ IBeeC) ត្រូវបានផ្តួចផ្តើមអភិវឌ្ឍនៅឆ្នាំ ២០១៩-២០២០ ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម (បច្ចុប្បន្នក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ក្នុងកម្មវិធីដូចច្នេះថា “អាជីវកម្មបរិយាប័ន្ន ត្រូវបានបញ្រ្ជាបទៅក្នុងសេចក្តីព្រាងនៃគោលនយោបាយសហគ្រាសធុនតូច និងមធ្យម ហើយបច្ចុប្បន្ន យុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្នកម្ពុជា កំពុងត្រូវបានពិនិត្យត្រៀមសម្រាប់ការអនុម័តជាផ្លូវការ។
 
យុទ្ធសាស្ត្រនេះផ្តោតជាសំខាន់ទៅលើ ១) ការគាំទ្រសម្រាប់ស្ថាប័នជំរុញអាជីវកម្មបរិយាប័ន្ន ២) ការលើកកម្ពស់ការយល់ដឹង ៣) ការវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន ៤) ការផ្តល់ការបណ្តុះបណ្តាលជំរុញដល់បណ្តាអាជីវកម្មបរិយាប័ន្នសក្តានុពល ៥) មូលនិធិកាត់បន្ថយហានិភ័យ ធានាដល់វិនិយោគិន ក្នុងការបណ្តាក់ទុនលើអាជីវកម្មបរិយាប័ន្ន ៦) ការផ្តល់ការលើកទឹកចិត្ត ៧) ការផ្តល់អាទិភាពដល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន និងសហគ្រាសសង្គមក្នុងលទ្ធកម្មសាធារណៈ ៨) ការតាមដាន ត្រួតពិនិត្យ និងរាយការណ៍ពីការជះឥទ្ធិពលសង្គម ៩) កិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីពង្រឹងរបៀបវារៈអាជីវកម្មបរិយាប័ន្ន នៅក្នុងតំបន់។”
 
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានកត់សម្គាល់ពីភាពពាក់ព័ន្ធរបស់អាជីវកម្មបរិយាប័ន្នសម្រាប់ការស្តារសេដ្ឋកិច្ច និងការកសាងដំណើរឆ្ពោះទៅមុខដ៏ល្អប្រសើរដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ “ការអភិវឌ្ឍពិតប្រាកដមិនអាចនឹងសម្រេច ឬមាននិរន្តរភាពនោះទេ លុះត្រាតែការអភិវឌ្ឍនោះបានផ្សារភ្ជាប់ដល់មនុស្សគ្រប់រូប។ អាជីវកម្មបរិយាប័ន្ន ផ្តោតជាសំខាន់ទៅលើកត្តាសម្រេចចិត្តរបស់មនុស្ស ឬនិយោជិតផ្តល់សិទ្ធិសេរីភាពក្នុងការជ្រើសរើស ស្របតាមខ្សែច្រវាក់តម្លៃបន្ថែម និងមិនជះឥទ្ធិពលជាអវិជ្ជមានដល់ការការពារសិទ្ធិមនុស្ស” នេះបើតាមប្រសាសន៍របស់លោកស្រី។ លោកស្រីបានបន្តទៀតថា “អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់ការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា។”
 
កម្មវិធីនេះបង្ហាញអំពីលទ្ធផលនៃរបាយការណ៍ អំពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា ដែលបានរៀបចំក្នុងឆ្នាំ២០២០ ដោយមានការគាំទ្រពី គណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិចរបស់អង្គការសហប្រជាជាតិ (UN-ESCAP) និង បណ្តាញសកម្មភាពអាជីវកម្មបរិយាប័ន្ន (IBAN)។ របាយការណ៍នេះបានវិភាគទៅលើស្ថានភាពអាជីវកម្មបរិយាប័ន្ននៅកម្ពុជា និងដំណើរការរបស់អាជីវកម្មបរិយាប័ន្ន។ យោងតាមការកត់សម្គាល់របស់លោកស្រី Marta Perez Cuso មន្ត្រីកិច្ចការសេដ្ឋកិច្ចរបស់ UN-ESCAP “របាយការណ៍បានគូសបញ្ជាក់ថានៅកម្ពុជាមានគំរូអាជីវកម្មនវានុវត្តន៍ដែលគាំទ្រដល់បរិយាប័ន្នសេដ្ឋកិច្ច និងសង្គម។ ឧទាហរណ៍ ក្រុមហ៊ុនចំនួន ១៩ នៅកម្ពុជា កំពុងមានគំរូអាជីវកម្មបរិយាប័ន្ន ដែលនឹងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន
ក្រីក្រនិងមានចំណូលទាប ចំនួន ១,៧ លាននាក់ត្រឹមឆ្នាំ២០២៣ ដែលតួលេខនេះកើនឡើងពី ៨០០.០០០ នាក់ នៅឆ្នាំ២០១៩”។
កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងរបស់អាស៊ាន ចូលរួមក្នុងកិច្ចពិភាក្សាអាជីវកម្មបរិយាប័ន្នក្នុងតំបន់ផងដែរ។ ក្នុងខែកញ្ញា ឆ្នាំ២០២០ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានអនុម័ត “គោលការណ៍ណែនាំសម្រាប់ការជំរុញអាជីវកម្មបរិយាប័ន្នក្នុងអាស៊ាន” (https://asean.org/storage/2020/09/ASEAN-IB-Promotion-Guidelines-Endorsed-at-the-52nd-AEM.pdf)។ រាជរដ្ឋាភិបាលកម្ពុជាជាប្រទេសទី១ ក្នុងតំបន់ ដែលអនុវត្តតាមគំនិតទាំងនោះ តាមរយៈយុទ្ធសាស្ត្រដ៏ទូលំទូលាយ។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា “ដោយមានយុទ្ធសាស្ត្រស្តីអំពីការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជានៅក្នុងដៃ និងក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២ កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន លើកទី៥ និងពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ាន លើកទី៣” ។
លោក Markus Dietrich នាយកគោលនយោបាយ IBAN បានលើកឡើងថា “ពួកយើងរីករាយក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការជំរុញអាជីវកម្មបរិយាប័ន្នក្នុងតំបន់”។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ (https://www.misti.gov.kh/page/index?param=home.html)
 
ទំនាក់ទំនងផ្នែកសារព័ត៌មាន៖
 
អគ្គនាយកដ្ឋានកិច្ចការទូទៅ
នាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការនិងការងារអាស៊ាន
 
www.misti.gov.kh
Email: chorn_vanthou@yahoo.com
Tel: +855 089 429 068