ក្រសួងឧស្សាហកម្ម វបន៖ ការទទួលបានសញ្ញាសមស្របបិទលើផលិតផលនឹងជួយបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផលរបស់កម្ពុជា

ក្រសួងឧស្សាហកម្ម វបន៖ ការទទួលបានសញ្ញាសមស្របបិទលើផលិតផលនឹងជួយបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផលរបស់កម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំស្តីពី ការយល់ដឹងពីការប្រើប្រាស់សញ្ញានានាក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនៅកម្ពុជាដើម្បីគាំទ្រដល់វិស័យឯកជនក្នុងការលើកកម្ពស់ស្តង់ដារផលិតផល បង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ពីតំណាងសភាពពាណិជ្ជកម្មកម្ពុជា សហព័ន្ធ សមាគមធុរិកច្ច សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ប្រមាណជា ៧០០នាក់។ សិក្ខាសាលានេះគឺជាវេទិកាមួយសម្រាប់ម្ចាស់សហគ្រាសស្វែងយល់ពីអត្ថប្រយោជន៍នៃការអនុលោមតាមស្តង់ដារ និងការស្នើសុំសញ្ញានានាបិទលើផលិតផលរបស់ខ្លួន។

ថ្លែងក្នុងកម្មវិធីបើកសិក្សាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា៖ ក្រសួងមានសមត្ថកិច្ច រួមចំណែកធានាសុវត្ថិភាពនៃផលិតផល ដោយត្រូវត្រួតពិនិត្យ និងផ្តល់ជូននូវសញ្ញានានា ដើម្បីបញ្ជាក់ពីផលិតផលមានស្តង់ដារ ឬមានគុណភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ពិសេសសហគ្រាសស្ថិតក្នុងវិស័យកម្មន្តសាល និងផលិតកម្ម។

សញ្ញានានាដែលក្រសួងផ្តល់ជូនវិស័យឯកជនមានដូចជាសញ្ញាពាក់ព័ន្ធឹនឹងស្តង់ដារ សញ្ញាពាក់ព័ន្ធឹនឹងមាត្រាសាស្ត្រ សញ្ញាពាក់ព័ន្ធឹនឹងគោលការណ៍ស៥សញ្ញាពាក់ព័ន្ធឹនឹងឧស្សហកម្មបៃតង និងសញ្ញាពាក់ព័ន្ធឹនឹងការចុះបញ្ជីផលិតផល ចបផជាដើម។ សញ្ញាទាំងនេះមានសារៈសំខាន់ តែការយល់អំពីសញ្ញាទាំងនេះនៅមានកម្រិតនៅឡើយក្នុងចំណោមម្ចាស់សហគ្រាស។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលសិក្ខាសាលានេះ បានលើឡើងថា៖ សម្រាប់សហគ្រាសដែលមានលទ្ធភាពទទួលបានសញ្ញាទាំងនេះ ផលិតផលរបស់ពួកគាត់នឹងងាយចរាចរណ៍លើទីផ្សារក្នុងស្រុក ពិសេសក្នុងផ្សារទំនើប ឬទីផ្សារអនឡាញដែលក្រសួងស្ថាប័នបានរៀបចំ។ ហើយផលិតផលទាំងនោះក៏អាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារក្នុងពិភពលោកបានទៀតផង។

ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រវិស័យឯកជន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានធ្វើការសម្រួល បន្ថយ បញ្ចុះតម្លៃ និងច្របាច់បញ្ចូលសេវាសាធារណៈមួយចំនួន រួមមាន បន្ទាបតម្លៃសេវាក្នុងកម្រិតសមស្របចំនួន៥៦សេវា, បំព្រួញរយ:ពេលផ្តល់សេវាឆាប់ជាងមុនចំនួន១៩៩សេវា, បង្កើនរយ:ពេលសុពលភាពនៃសេវាចំនួន៤៩សេវា, និងលុបចោលសេវាចំនួន១៦សេវា។ ក្រសួងក៏កំពុងធ្វើសាមញ្ញកម្មនីតិវិធី និងបន្តដាក់សេវាកម្មភាគច្រើនរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត។