អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី26 ខែ ឧសភា ឆ្នាំ 2025

ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ PTB និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលបានបន្តគាំទ្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ជាពិសេសការគាំទ្រសម្រាប់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់ប្រព័ន្ធរង្វាស់រង្វាល់ តាមរយៈការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ ការកែទម្រង់ស្ថាប័ន និងការរិះរកវិធីសាស្ត្រច្នៃប្រឌិតសម្រាប់ផ្តល់សេវាមាត្រាសាស្ត្រឱ្យបានទៅដល់តំបន់ជនបទ។ ឯកឧត្តមបានលើកឡើង​ថា​៖ ”យើងពិតជាត្រូវ​ការ​សេវា​ទាំង​នេះ​ ខណៈដែលកម្ពុជាបន្តទទួលបានកំណើននៃ​រោងចក្រ-សហគ្រាស ​និង​ឧស្សាហូបនីយកម្ម​នៅទូទាំងប្រទេស។”

តំណាងឱ្យវិទ្យាស្ថាន PTB លោក Gidon Windecker បានកោតសរសើរកម្ពុជាចំពោះចក្ខុវិស័យចំពោះការអភវិឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ហើយបានគូសរំលេចពីតួនាទីរបស់សហព័ន្ធអាល្លឺម៉ង់ ដែលជាដៃគូទ្វេភាគីធំបំផុតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា។

លោក Windecker បានលើកឡើងថា ប្រព័ន្ធស្តង់ដាដែលអាចជឿទុកចិត្តបាន និងដែលមានការទទួលស្គាល់ជាអន្តរជាតិ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសសម្រាប់ការត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។”

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្តកិច្ចសហការ ដើម្បីសម្រេចសមិទ្ធផលសំខាន់ៗបន្ថែមទៀត រួមទាំងការសម្រេចឱ្យបាននូវការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពេញលេញលើប្រព័ន្ធរង្វាស់រង្វាល់របស់កម្ពុជា និងការអភិវឌ្ឍគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងសមាហរណកម្មរបស់ម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

ដោយ: Soleak_Super_admin

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព