នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានចុះអនុស្សរណៈយោគយល់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញចក្ខុវិស័យប្រែក្លាយវិទ្យាស្ថាននេះឱ្យក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។ ឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោការលើការយកចិត្តទុកដាក់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងគោលដៅបង្កើតដំណោះស្រាយបច្ចេកទេស និងគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យមានសមត្ថភាពប្រកួតប្រជែងនៅទីផ្សារតំបន់ និងអន្តរជាតិ។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យស្តែម (STEM)។
វិទ្យាស្ថានគរុកោសល្យបាត់ដំបងគឺជាស្ថាប័នបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានបេសកកម្មលើកកម្ពស់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងផ្តោតលើការពង្រឹងបច្ចេកទេសបង្រៀនជំនាញស្តែម និងបរិវត្តកម្មឌីជីថល។
ឯកឧត្តម ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានលើកឡើងថា វិទ្យាស្ថានមានបំណងប្រែក្លាយជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការបរិវត្តកម្មឌីជីថល និង ប្រើប្រាស់បច្ចេកវិទ្យាអប់រំ ដូចជា App និង Software ដើម្បីកែលម្អវិធីសាស្រ្តបង្រៀន និងធ្វើឱ្យមេរៀនកាន់តែមានលក្ខណៈអនុវត្តជាក់ស្តែង និងមានភាពពាក់ព័ន្ធសម្រាប់គរុសិស្ស។
ភាពជាដៃគូរវាងវិទ្យាស្ថានទាំងពីរគឺជាជំហានថ្មីមួយ ឆ្ពោះទៅរកការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញស្តែម ជំរុញវប្បធម៌នវានុវត្តន៍ និងវឌ្ឍនភាពបច្ចេកវិទ្យា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍