ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ សហគ្រិនខ្មែរ ដើម្បីធ្វើទំនើបកម្មសហគមន៍កសិកម្ម

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី11 ខែ កក្កដា ឆ្នាំ 2024

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាល។ ពិធីចុះអនុស្សរណៈនេះ បានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រនិងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយ:ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់សហគ្រិនខ្មែរ ដោយមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោត លើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា។

 ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា៖ “កិច្ចសហការរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ នឹងជួយឱ្យការរៀបចំសហគមន៍កសិកម្មទំនើបមាន លក្ខណៈកាន់តែប្រសើរឡើងលើផ្នែកសហគ្រិនភាពនិងការគ្រប់គ្រង ព្រមទាំងផ្ដល់ទំនុកចិត្តដល់ការដាក់ទុនវិនិយោគបន្ថែម។”

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និង ជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ការចុះហត្ថលេខានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មក្នុងវិស័យកសិឧស្សាហកម្មនិងអភិវឌ្ឍជំនាញអាជីវកម្ម ដើម្បីលើកស្ទួយប្រព័ន្ធអេកូឡូស៊ីកសិឧស្សាហកម្មរបស់សហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន”។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហគ្រិនខ្មែរ នឹងបង្កើតក្រុមការងារកម្រិតជំនាញបច្ចេកទេស ដើម្បីរៀបចំផែនការសកម្មភាពបង្កើតយន្តការវាយតម្លៃរួម ធ្វើបច្ចុប្បន្នភាព និងពិភាក្សាផ្ដល់យោបល់ក្នុងន័យធានា ដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ: អគ្គនាយកដ្ឋានកិច្ចការទូទៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព