ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមអនុវត្តកម្មវិធីប្រកួតប្រជែង “ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ” ក្រោមប្រធានបទ “ការកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ” ក្នុងគោលបំណងបំផុសគំនិតច្នៃប្រឌិត និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ។
កម្មវិធីប្រកួតប្រជែងនេះលើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យដែលសិក្សាជំនាញវិទ្យាសាស្ត្រអាហារ និងជំនាញពាក់ព័ន្ធ ឱ្យបណ្តុះគំនិតច្នៃប្រឌិត និងប្រែក្លាយគំនិតទាំងនោះទៅជាផលិតផលអាហារសម្រន់ដែលមានគុណភាពខ្ពស់ និងអាចដាក់លក់លើទីផ្សារ។
ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “តាមរយៈកម្មវិធីប្រកួតប្រជែងនេះ ក្រសួងរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញនវានុវត្តន៍ក្នុងវិស័យកែច្នៃម្ហូបអាហារ ព្រមទាំងផ្តល់ឱកាសឱ្យក្រុមនិស្សិតចូលរួមប្រកួតប្រជែង ដើម្បីអភិវឌ្ឍខ្លួនជាសហគ្រិនជោគជ័យ និងជួយដល់សង្គម តាមរយៈការប្រើប្រាស់វត្ថុធាតុដើមជាកសិផលក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច។”
ក្រោមជំនួយរបស់រដ្ឋាភិបាលចិន តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្មវិធីប្រកួតប្រជែង “ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ” គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃវិស័យកសិឧស្សាហកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍