ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ -ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជន និងក្រុមណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាគម្រោងប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ ដែលផ្តួចផ្តើមដោយ សម្តេចតេជោ ក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
កិច្ចសហប្រតិបត្តិការនេះលើកកម្ពស់ការគោរព ការជឿទុកចិត្តគ្នា ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ ក្របខណ្ឌនេះបានផ្តល់ជាផ្លែផ្កាតាមរយៈ ពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ប្រទេសទាំងបីក៏បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយការគម្រាមកំហែងផ្នែកសន្តិសុខ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន ការកាប់ឈើខុសច្បាប់ គ្រោះធម្មជាតិ បញ្ហាសុខភាពសាធារណៈ និងការជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។
យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងកិច្ចសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តកម្មវិធី និងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍