ម៉ាឡេស៊ី៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់អាស៊ី និងអាស៊ាន ស្តីពីការចាប់ផ្តើមគម្រោង និងកិច្ចសន្ទនាពហុភាគីសម្រាប់ «ការរៀបចំក្របខ័ណ្ឌកាទូតវិទ្យាសាស្ត្រផ្តោតលើនិរន្តរភាពក្រោយ ឆ្នាំ២០៣០ (Beyond SDGs 2030)» នៅថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវសកលនៃសាកលវិទ្យាល័យ Keio ប្រទេសជប៉ុន និងស្ថាប័នឧស្សាហកម្ម-រដ្ឋាភិបាលម៉ាឡេស៊ីសម្រាប់បច្ចេកវិទ្យាកម្រិតខ្ពស់ (MIGHT) ដោយប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងកំណត់បញ្ហាប្រឈម និងនវានុវត្តន៍របស់ស្ថាប័ន សម្រាប់រៀបចំក្របខ័ណ្ឌការទូតវិទ្យាសាស្រសកល បន្ទាប់ពីបញ្ចប់ដំណាក់កាលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០។
ឯកឧត្តម ហ៊ុល សៀងហេង បានគូសបញ្ជាក់ពីសារសំខាន់នៃបេសកកម្មនេះថា៖ “ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះគឺជាឱកាសដ៏សំខាន់ ក្នុងការកំណត់បញ្ហាប្រឈម និងសក្តានុពលនវានុវត្តន៍របស់ស្ថាប័ន សម្រាប់ក្របខ័ណ្ឌនិរន្តរភាពក្រោយឆ្នាំ២០៣០។ តាមរយៈកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំនៃស្ថាប័ន MIGHT និងសាកលវិទ្យាល័យ Keio កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍរយៈពេលវែង ប្រកបដោយភាពធន់ និងនិរន្តរភាពសម្រាប់តំបន់ ដោយចាប់យកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំគម្រោងនេះ ដោយបន្តគាំទ្រ និងកំពុងត្រៀមលក្ខណៈចូលរួមក្នុងកិច្ចសន្ទនា កិច្ចពិភាក្សាជាមួយអ្នកជំនាញ និងសកម្មភាពស្រាវជ្រាវនានា ដើម្បីរួមចំណែកសម្រេចបាននូវលទ្ធផលគោលនយោបាយនៃគម្រោងតំបន់នេះ។
ឯកឧត្តម ហ៊ុល សៀងហេង បានបន្ថែមថា៖ “ការរៀបចំខ្លួនសម្រាប់បរិបទក្រោយឆ្នាំ២០៣០ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើនវានុវត្តន៍ដែលផ្តោតលើមនុស្សជាស្នូល តាមរយៈការបង្កើនការ វិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យា ដែលរួមមានទាំងជំនាញ ចំណេះដឹង និងបទពិសោធន៍បច្ចេកទេសជាក់ស្តែង។”

ឯកឧត្តមក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ពីការអនុវត្តទៅបរិវត្តកម្ម៖ ទស្សនវិស័យអាស៊ានលើអនាគតនៃអភិបាលកិច្ចអភិវឌ្ឍន៍” ព្រមទាំងបានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ របៀបវារៈស្រាវជ្រាវជាតិ និងការពង្រឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។
លទ្ធផលនៃកិច្ចប្រជុំ និងធាតុចូលពីភាគីពាក់ព័ន្ធ នឹងត្រូវបានចងក្រងជារបាយការណ៍សំណើគោលនយោបាយ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល SDG ឆ្នាំ២០២៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។