រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃគណៈកម្មការអេឡិចត្រូតិកនិចអន្តរជាតិ (IEC) ដឹកនាំដោយ លោក Vimal Mahendru អនុប្រធាន IEC និងប្រធានក្រុមប្រឹក្សាគ្រប់គ្រងស្តង់ដារ IEC ដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជា ក្នុងការអភិវឌ្ឍស្តង់ដាអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

កិច្ចប្រជុំនេះធ្វើឡើង ក្រោយកម្ពុជាបានចូលជាសមាជិកភាពរង (Associate Member) របស់ IEC ក្នុងខែមករា ឆ្នាំ២០២៦ ដែលជារបត់សំខាន់មួយបង្ហាញពីការទទួលស្គាល់កាន់តែខ្ពស់ពីអន្តរជាតិ និងការបើកឱកាសឱ្យកម្ពុជាក្នុងការប្រើប្រាស់ស្តង់ដាអន្តរជាតិក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងបច្ចេកវិទ្យាថ្មីៗ។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណ IEC ចំពោះការគាំទ្រសមាជិកភាពរបស់កម្ពុជា និងថា ដំណើររបស់កម្ពុជាឆ្ពោះទៅការអភិវឌ្ឍស្តង់ដាអន្តរជាតិ ស្ថិតក្នុងដំណាក់កាលក្មេងខ្ចីនៅឡើយ ប៉ុន្តែមានសារសំខាន់យ៉ាងខ្លាំងសម្រាប់បរិវត្តកម្មឧស្សាហកម្ម និងសេដ្ឋកិច្ច។

ឯកឧត្តមបានគូសបញ្ជាក់ថា ស្តង់ដានឹងដើរតួកាន់តែសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើកកម្ពស់សមត្ថភាពផលិតកម្ម ភ្ជាប់ខ្សែច្រវាក់តម្លៃសកល និងសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមបានលើកឡើងថា៖ “កម្ពុជាមិនអាចជាប្រទេសដែលចាំតែទទួលយកស្តង់ដាអន្តរជាតិនោះទេ។ យើងចង់ក្លាយជាប្រទេសដែលចូលរួមសកម្ម និងបុរេសកម្មក្នុងការអភិវឌ្ឍស្តង់ដាអន្តរជាតិ” ។
ឯកឧត្តមក៏បានលើកឡើងពីសារសំខាន់នៃការរួមចំណែករបស់ក្រសួងស្ថាប័ន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ក្នុងដំណើរការអភិវឌ្ឍស្តង់ដាផងដែរ។

លោក Vimal Mahendru បានអបអរសាទរកម្ពុជាចំពោះការចូលជាសមាជិករងរបស់ IEC ដោយសង្កត់ធ្ងន់ថា ស្តង់ដាអន្តរជាតិជាគ្រឹះសម្រាប់ស្ទើរតែគ្រប់ប្រព័ន្ធអគ្គិសនី អេឡិចត្រូនិក និងឌីជីថលសម័យទំនើបនៅទូទាំងពិភពលោក។ លោកបានបញ្ជាក់ថា ការចូលជាសមាជិករបស់ IEC នឹងផ្តល់អត្ថប្រយោជន៍ភ្លាមៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ធានាសុវត្ថិភាព បរិយាបន្ន និងនិរន្តរភាព។
លោកបានលើកទឹកចិត្តឱ្យកម្ពុជាចូលរួមយ៉ាងសកម្មក្នុងគណៈកម្មាធិការបច្ចេកទេស និងចែករំលែកជំនាញក្នុងដំណើរការកំណត់ស្តង់ដាអន្តរជាតិ ជាពិសេសក្នុងវិស័យកំពុងរីកចម្រើនខ្លាំង ដូចជាបញ្ញាសិប្បនិម្មិត ប្រព័ន្ធឆ្លាតវៃ និងប្រព័ន្ធតាមដានផលិតផលឌីជីថល។
ភាគីទាំងពីរក៏បានពិភាក្សាអំពីសហប្រតិបត្តិការជាក់ស្តែង រួមទាំងការកសាងសមត្ថភាព ការបណ្តុះបណ្តាលបច្ចេកទេស និងការរៀបចំបង្កើតគណៈកម្មាធិការថ្នាក់ជាតិ ដែលសមស្របតាមរចនាសម្ព័ន្ធរបស់ IEC។