រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ បានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា ដោយផ្តោតលើសារសំខាន់ នៃការបំប្លែងលទ្ធផលស្រាវជ្រាវ ទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ សំដៅរួមចំណែកដល់ដំណើរឆ្ពោះទៅ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

កិច្ចពិភាក្សាដែលសម្របសម្រួលដោយ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ឆែម គៀត រិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានគណៈប្រឹក្សាយោបល់នៃក្រុមប្រឹក្សាជាតិ វ.ប.ន. បានផ្តោតលើតម្រូវការបន្ទាន់ក្នុងការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សា និងវិស័យឯកជន។
ឯកឧត្តមបានលើកឡើងថា៖ "នវានុវត្តន៍មិនមែនសំដៅត្រឹមតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើមនុស្ស និងអាជីវកម្ម។ ខណៈពេលដែលរាជរដ្ឋាភិបាលជាអ្នកកំណត់បទប្បញ្ញត្តិ និងគោលនយោបាយ វិស័យឯកជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគ និងភាពជាអ្នកដឹកនាំ ដើម្បីធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព។”

កិច្ចពិភាក្សាបានឯកភាពគ្នាលើទស្សនៈសំខាន់ៗ ក្នុងការជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស និងជាទីកន្លែងស្រាវជ្រាវដែលឆ្លើយតបផ្ទាល់ទៅនឹងតម្រូវការឧស្សាហកម្ម ដោយផ្សារភ្ជាប់អាទិភាពស្រាវជ្រាវជាតិ ទៅនឹងកាលានុវត្តភាពពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះ ការពង្រឹងកិច្ចសហការរវាងអ្នកស្រាវជ្រាវ ជាមួយកសិករក្នុងស្រុក និងការរៀបចំក្របខ័ណ្ឌសុខាភិបាលឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា គឺជាគន្លឹះដ៏សំខាន់សម្រាប់ធានាសន្តិសុខស្បៀង និងការបង្កើតដំណោះ ស្រាយថែទាំសុខភាពប្រកបដោយ នវានុវត្តន៍ ខណៈដែលការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន នឹងជួយ រុញច្រានលទ្ធផលស្រាវជ្រាវទាំងនោះឱ្យឈានចូលទៅក្នុងទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានរំលឹកថា ការផ្លាស់ប្តូរដែលយូរអង្វែង និងរឹងមាំ គឺអាស្រ័យលើការវិនិយោគលើជំនាញក្នុងស្រុក និងការកសាងស្ថាប័នឱ្យបានរឹងមាំ ដើម្បីធានាជោគជ័យក្នុងរយៈពេលវែង។