ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រអ្នកសារព័ត៌មានកម្ពុជា និងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិនេះ និងបានបញ្ជាក់ថា អ្នកសារព័ត៌មានគឺជាក្រុមអាទិភាពមួយ ក្នុងចំណោមក្រុមអាទិភាពទាំង១៥ នៃយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានបន្ថែមថា ការចូលរួមរបស់អ្នកសារព័ត៌ក្នុងក្របខណ្ឌយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យពួកគាត់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗ រួមមានលទ្ធភាពទទួលសេវាហិរញ្ញវត្ថុ ឱកាសអភិវឌ្ឍន៍ជំនាញ និងជំនួយសង្គមនានា។
ឯកឧត្តម នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះការគាំទ្រអ្នកសារព័ត៌មាន និងបាលើកឧទាហរណ៍មួយចំនួនស្តីពីអត្ថប្រយោជន៍នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធរបស់អ្នកសារព័ត៌មាន រួមមានការកំណត់ជាក្រុមអាទិភាពដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាការបញ្ចុះតម្លៃលើការពិនិត្យសុខភាពនៅក្លីនីកដៃគូរបស់ក្រសួងជាដើម។ ឯកឧត្តម បានជម្រាបជូនថា ក្រសួងព័ត៌មានកំពុងរៀបចំបង្កើតវិទ្យាស្ថានដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដោយផ្តោតជាពិសេសលើវិស័យសារព័ត៌មានអនឡាញ ដែលអាចជាអត្ថប្រយោជន៍ដ៏សំខាន់មួយទៀតក្នុងការសម្រួលដល់ការពង្រឹងជំនាញ និងការចាប់យកជំនាញថ្មីរបស់អ្នកសារព័ត៌មាន។
យោងតាមក្រសួងព័ត៌មាន បច្ចុប្បន្នកម្ពុជាមានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយប្រហែល ៦.៣០០ នាក់ បានចុះបញ្ជីនៅក្រសួងព័ត៌មាន និងមានប័ណ្ណសារព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងបានជម្រាបជូនពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ជាពិសេសក្នុងស្ថានភាពនៃការវិត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ។ ឯកឧត្តមក៏បានលើកថា អ្នកសារព័ត៌មានមួយចំនួនបានស្នើសុំអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលអាចត្រូវបានសម្របសម្រួលក្រោមយន្តការនៃការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។
ក្រសួងទាំងពីរបានព្រមព្រៀងសហការលើទិដ្ឋភាពនានានៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ក្រុមគោលដៅ “អ្នកសារព័ត៌មាន” រួមទាំងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងជាសាធារណៈ ដើម្បីបង្ហាញអត្ថប្រយោជន៍នៃការចូលក្នុងប្រព័ន្ធរបស់អ្នកសារព័ត៌មាន។ លើសពីនេះ ក្រសួងទាំងពីក៏នឹងសហការលើគំនិតផ្តួចផ្តើមផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីសម្រេចគោលដៅរួម តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” របស់រាជរដ្ឋាភិបាល។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍