ក្រសួងឧស្សាហកម្ម និងធនាគារពិភពលោក ពិភាក្សាគំនិតផ្តួចផ្តើមសុវត្ថិភាពទឹកកម្ពុជា ដើម្បីជំរុញអាទិភាពវិស័យទឹកស្អាតឆ្នាំ២០២៦–២០៣០

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី07 ខែ មេសា ឆ្នាំ 2026

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer អ្នកគ្រប់គ្រងប្រចាំប្រទេស ដើម្បីពិភាក្សាគំនិតផ្តួចផ្តើម Cambodia Water Security Compact ដែលជាក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពង្រឹងសុវត្ថិភាពទឹករបស់កម្ពុជា ឆ្នាំ២០២៦២០៣០។

ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះកំណត់ទស្សនវិស័យរួមមួយរបស់កម្ពុជា ដោយផ្អែកលើសសរស្តម្ភចំនួន៣ គឺ
«ទឹកសម្រាប់មនុស្ស» «ទឹកសម្រាប់ស្បៀងអាហារ» និង «ទឹកសម្រាប់ផែនដី» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ និងការសម្របសម្រួលអន្តរវិស័យ។  ឯកឧត្តមបានលើកឡើងថា ប្រទេសដែលកំពុងធ្វើឧស្សាហូបនីយកម្ម រួមទាំងកម្ពុជា នឹងមានកំណើននៃតម្រូវការទឹកស្អាតបន្ថែមទៀតនាពេលខាងមុខ។

ឯកឧត្តមបានបន្ថែមថា៖ «រចនាសម្ព័ន្ធថ្លៃសេវាទឹកស្អាតបច្ចុប្បន្ន ជាកត្តាគន្លឹះមួយដែលកំណត់ការវិនិ យោគ​ពីវិស័យឯកជនក្នុងវិស័យទឹកស្អាត ដែលទាមទារឱ្យមានការផ្តល់ហិរញ្ញប្បទានសម្បទានបន្ថែមទៀត និងវិធីសាស្ត្រផ្តល់ហិរញ្ញប្បទានដែលកាន់តែមានភាពបត់បែនជាងមុន។”

លោកស្រី Tania Meyer បានបញ្ជាក់ការបន្តគាំទ្ររបស់ធនាគារពិភពលោក លើវិស័យទឹកស្អាតនៅកម្ពុជា ដោយលើកឡើងថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជាក្របខ័ណ្ឌមួយដែលបញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការកៀរគរដៃគូ រួមទាំងវិស័យឯកជន ដើម្បីជំរុញសុវត្ថិភាពទឹកនៅកម្ពុជា។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហការ ដោយរួមបញ្ចូលភាគីពាក់ព័ន្ធ និងកៀរគរហិរញ្ញប្បទានសម្បទាន ទន្ទឹមនឹងនោះធនាគារពិភពលោកនឹងផ្តល់បច្ចុប្បន្នភាពអំពីលទ្ធផលនៃកិច្ចពិភាក្សាអន្តរជាតិលើគំនិតផ្តួចផ្តើមនេះ នាពេលខាងមុខ។

 

 

common.relatedNews

    • telegram
    • tiktok
    • instagram
    • chatbot