home chevron_right chevron_right chevron_right

តំណាងកម្ពុជាសង្កត់ធ្ងន់លើនវានុវត្តន៍ជាមូលដ្ឋានគ្រឹះនៃបរិវត្តកម្ម នៅក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា BRICS ឆ្នាំ២០២៦

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី02 ខែ មេសា ឆ្នាំ 2026

រាជធានីភ្នំពេញ -- ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកការប្រកួតផ្តាច់ព្រ័ត្រថ្នាក់ជាតិចិន នៃកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យាឆ្នាំ២០២៦ (Technology Innovation Competition) កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រស់រវើក និងបានលើកយកផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ មកបង្ហាញថា ជាក្របខ័ណ្ឌគ្រឹះសម្រាប់ការអភិវឌ្ឍជាតិ និងជាគំរូសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌ BRICS ។

ក្នុងសុន្ទរកថាតាមប្រព័ន្ធអនឡាញ ឯកឧត្តមបានលើកឡើងថា៖ នវានុវត្តន៍គឺជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរ ដែលជំរុញឱ្យយើងគិតខុសពីមុន ដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិត និងបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម និងវឌ្ឍនភាពរួម។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ច BRICS និង BRICS Academy ដែលជាវគ្គជម្រុះសម្រាប់កម្មវិធីកម្រិតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងតំបន់ចំនួន៧ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ កម្មវិធីនេះផ្តោតលើវិស័យចំនួន១០ រួមមានការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថាមពលបៃតង និង សុខាភិបាលឌីជីថលជាដើម។

ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជាលើការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

common.relatedNews

    • telegram
    • tiktok
    • instagram
    • chatbot