រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ — គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ បានបើកកិច្ចប្រជុំលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ។ កិច្ចប្រជុំបានផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមន្ទីរពិសោធន៍វិភាគម្ហូបអាហាររបស់កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងចំនួន៦ ដែលជាសមាជិកនៃគណៈកម្មាធិការនេះ។

នៅក្នុងកិច្ចប្រជុំ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ដែលជាលេខាធិការដ្ឋាន បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់ត្រីមាសទី១ ធៀបនឹងផែនទីបង្ហាញផ្លូវ ជាពិសេសការប្រមូលទិន្នន័យដោយក្រសួងទាំង៦ អំពីមន្ទីរពិសោធន៍វិភាគម្ហូបអាហារទូទាំងប្រទេស។ កិច្ចប្រជុំក៏បានពិនិត្យលទ្ធផលនៃកិច្ចប្រជុំក្រុមអ្នកជំនាញពាក់ព័ន្ធនឹងលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ “មន្ទីរពិសោធន៍ផ្លូវការ” ផងដែរ។
លក្ខណៈវិនិច្ឆ័យទាំងនេះផ្តោតលើស្តង់ដាអន្តរជាតិ រួមមានប្រព័ន្ធគ្រប់គ្រងគុណភាព សមត្ថភាពបច្ចេកទេស ឧបករណ៍បរិក្ខារ និងការចូលរួមធ្វើតេស្តសមត្ថភាព ដើម្បីធានាថាលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ទាំងនេះមានភាពត្រឹមត្រូវ និងអាចទទួលស្គាល់ជាសកល។

ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យគណៈកម្មាធិការរៀបចំស្នើសុំកិច្ចសហការពីក្រសួងស្ថាប័ន ដើម្បីចាប់ផ្តើមកំណត់ “មន្ទីរពិសោធន៍ផ្លូវការ”។ ឯកឧត្តមក៏ផ្តល់អនុសាសន៍ឱ្យលេខាធិការដ្ឋានកៀរគរការចូលរួមពីមន្ទីរពិសោធន៍របស់វិស័យឯកជន ដើម្បីសិក្សាលទ្ធភាពកំណត់ជាមន្ទីរពិសោធន៍ផ្លូវការ ព្រមទាំងរៀបចំបញ្ជីមន្ទីរពិសោធន៍សក្តានុពល សម្រាប់កិច្ចប្រជុំលើកក្រោយ។